កីឡា

ក្លិបកីឡា ប៉េតង់សន្តិភាពដណ្តើមមេដាយមាស និងគ្រង់តំណែងជើងឯកការប្រកួតកីឡា ប៉េតង់ជើងឯករាជធានីភ្នំពេញ

ភ្នំពេញ៖ក្លិបកីឡាប៉េតង់ សន្តិភាពដណ្តើមមេដាយមាសលើវិញ្ញាសា៣ទល់៣នាក់បុរស និងគ្រង់តំណែងជើងឯកក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ បន្ទាប់ពីក្លិបដណ្តើមបានមេដាយច្រើនជាងគេ និងយកឈ្នះលើក្លិបប៉េតង់ បូរិទ្ធររាជ នៅវគ្គផ្តាច់ព្រ័ត្រ សម្រាប់ការប្រកួតនេះរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។


ក្នុងឱកាសពិធីប្រគល់មេដាយ និងជយលាភីដល់ក្រុមកីឡាករ-កីឡាការិនីប៉េតង់នៅល្ងាចថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងវិទ្យាល័យជាស៊ីម សាមគ្គី ដោយមានការអញ្ជើញជាកិត្តិយសពីសំណាក់លោក សោម ចិន ប្រធានក្លិបកីឡាប៉េតង់សន្តិភាព លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងលោក ហង្ស ជឿន ប្រធានក្លិបកីឡាប៉េតង់ ឌីធីអេ ។


ក្លិបកីឡាប៉េតង់សន្តិភាពដណ្តើមមេដាយមាសលើវិញ្ញាសា ៣ ទល់ ៣ នាក់បុរស ក្លិបកីឡាប៉េតង់ បូរិទ្ធររាជ បានត្រឹមជើងឯករង ខណៈក្លិបកីឡាវិទ្យាល័យជាស៊ីម សាមគ្គី ទទួលបានមេដាយសំរិទ្ធ។ វិញ្ញាសាវាយយកពិន្ទុនារី៖មេដាយមាសបានទៅលើកីឡាការិនី ផន ចន្ទ្រា ក្លិបកីឡាកោះគរ មេដាយប្រាក់បានទៅលើកីឡាការិនី បេណា លក្ខិណា ក្លិបកីឡាគ្លបប៊ល និងមេដាយប្រាក់បានទៅលើកីឡាការិនី ផេន ស៊ីថន ក្លិបកីឡាយុវជនសាមគ្គី ។


ចំណែកវិញ្ញាសាវិញ្ញាសា ១ ទល់ ១ នាក់នារី ៖មេដាយមាសបានទៅលើកីឡាការិនីបេណា លក្ខិណា ក្លិបកីឡាគ្លបប៊ល មេដាយប្រាក់បានទៅលើ កីឡាការិនី ផន ចន្ទ្រា ក្លិបកីឡាកោះគរ និងមេដាយប្រាក់បានទៅលើកីឡាការិនី ខុម ភាវី ក្លិបកីឡាយុវជនសាមគ្គី ។

លោក ស្រេង សេង ប្រធានការិយាល័យកីឡានៃ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បាននិយាយថា តាងនាមឲ្យគណ:កម្មការរៀបចំការប្រកួតកីឡាប៉េតង់ ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៤ ខ្ញុំសូមគោរពជូន របាយការណ៍លស្តីពីដំណើរការប្រកួត និងលទ្ធផលក្រោយពីដំណើរការចាប់តាំងពីថ្ងៃទី១០ ដល់ ១៤ ខែកក្កដា ឆ្នាំ២០២៤។

សមាសភាពចូលរួមប្រកួតមាន ២១ ក្លឹប នឹងមានវិញ្ញាសាប្រកួតចំនួន៩ និង ប្រតិភូ អ្នកដឹកនាំ គ្រូបង្វឹក កីឡា ករ ការិនីសរុប ចំនួន ១៣៨ នាក់ ។ ក្លឹបដែលបានចូលរួមមាន ក្លឹប ឌីធីអេ វិស្វរាជ កូនខ្មែរ យុវជនសាមគ្គី សាមគ្គីមាន ជ័យ វិទ្យាល័យជាស៊ីមសាមគ្គី ចតុមុខ សន្តិភាព ហនុមាន នាគព័ន្ធ វិទ្យាល័យព្រះស៊ីសុវត្ថិ ត្រង់សួរស៊ីសុវត្ថិ ម៉ាស្ទើ ត្រី រាជ គួបប៊ល បូរិទ្ធរាជ ក្រញាំឥន្ទ្រី កោះគរ ដំរីស អាគារធិការដ្ឋាន និងក្លឹបវិទ្យាល័យពញាពន់ ៕
ដោយ៖លី ភីលីព

Most Popular

To Top