កីឡា

ការប្រកួតកីឡាកាប៉ាឌី ពិភពលោកចាប់ផ្តើមការប្រកួតនាសីហា ខាងមុខនេះនៅសាលប្រជុំកោះពេជ្រ

ភ្នំពេញ៖គណៈកម្មរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាកាប៉ាឌីពិភពលោកនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការចាប់ឆ្នោត និងការដាក់ចេញបទចម្រៀងសម្រាប់ការប្រកួតជាផ្លូវការនៃព្រឹត្តិការណ៍ការប្រកួតកីឡាកាប៉ាឌីពិភពលោកលើកទី២ ឆ្នាំ២០២៤ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ សីហា ឆ្នាំ២០២៤ខាងមុខនេះនៅសាលប្រជុំកោះពេជ្រ ។


លោក សុខ អាង មន្រ្តីរៀបចំព្រឹត្តិការណ៍បាននិយាយា ក្នុងនាមគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាកាប៉ាឌីពិភពលោកក្នុងឱកាសដ៏ពិសេសនេះយើងនឹងធ្វើការចាប់ឆ្នោតជាផ្លូវការ និងការដាក់ចេញបទចម្រៀងសម្រាប់ការប្រកួត។ ការប្រកួតនឹងប្រព្រឹត្តិទៅនៅសាលប្រជុំកោះពេជ្រចាប់ពីថ្ងៃទី ២០-២៥ ខែសីហាដោយមានប្រទេសចំនួន ១៧ មកពីជុំវិញពិភពលោកចូលរួម និងធ្វើការប្រកួតនេះក្លាយជាការប្រកួតជើងឯកអន្តរជាតិដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក។


លោកបានបន្តថា ក្រុមបុរសចំនួន ១៦ ក្រុម និងក្រុមនារី ១០ ក្រុមដែលប្រកួតប្រជែងគ្នាដណ្តើមជើងឯកពិភពលោក រួមមានក្រុមការពារជើងឯកឥណ្ឌា ក៏ដូចជាក្រុមកំពូលៗក្នុងតំបន់ រួមមានអេហ្ស៊ីប និងកេនយ៉ា មកពីទ្វីបអាហ្រ្វិក សហរដ្ឋអាមេរិក និងកាណាដា មកពីប៉ានអាមេរិក និងចក្រភពអង់គ្លេស និងប៉ូឡូញ មកពីអឺរ៉ុប។

ការប្រកួតនេះនឹងឃើញក្រុមមកពីប្រទេសចិន ហុងកុង តង់ហ្សានី និងម៉ាឡេស៊ីចូលរួមផងដែរ។ សរុបមក យើងរំពឹងថានឹងឃើញអ្នកចូលរួម និងមន្ត្រីជិត ៤០០នាក់សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាកាប៉ាឌីពិភពលោក។

សហព័ន្ធ World Kabaddi បានជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះ World Cup វាមិនត្រឹមតែដាក់ប្រទេសកម្ពុជាជាកន្លែងជ្រើសរើសសម្រាប់ការប្រកួតអន្តរជាតិបន្ថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍កីឡាផងដែរ។


លោកមន្រ្តីបានបន្ថែមថា ការរៀបចំព្រឹត្តិការណ៍នេះនៅព្រះរាជាណាចក្រកម្ពុជា ក៏ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកីឡាឲ្យកាន់តែទូលំទូលាយ ជាពិសេសបន្ទាប់ពីទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះកីឡា SEA GAME និងASEAN Para Games កាលពីឆ្នាំមុន៕
ដោយ៖លី ភីលីព

Most Popular

To Top