កីឡា

​កីឡា​ការិនី​ចាស់​ជាង​គេ​នៅ Olympics ​ឆ្នាំ​នេះ​មាន​វ័យ​៦១​ឆ្នាំ​ ខណៈ​ក្មេង​ជាង​គេ​​មាន​អាយុ​១​១​ឆ្នាំ

​កីឡា​ការិនី​​ជិះសេះ​​ Jill Irving ​គឺ​​ជា​អត្តពលិក​ចាស់​ជាង​គេ​ដែល​មាន​វ័យ​៦១​ឆ្នាំ​​នាង​​បាន​ចូលរួម​ការ​ប្រកួត​កីឡា​ជិះសេះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​ ខណៈ​ដែល​កុមារី​ជិះ​ស្គី​របស់​ចិន​​ Zheng Haohao ជា​កីឡា​​ការិនី​​​​ក្មេង​ជាង​គេ​ដែល​មាន​វ័យ​១១​ឆ្នាំ និង​១១​ខែ​​ប៉ុណ្ណោះ​។

​​គេ​ដឹង​ថា ​​អ្នក​ដែល​អា​ច​ចូលរួម​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​បាន​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ព្រោះ​តែ​ត្រូវ​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​ខ្លាំង​ណាស់​ ខណៈ​ដែល​ចិន និង​កាណាដា នេះ​មិន​​មាន​សិទ្ធ​អនុគ្រោះ​ដូច​ប្រទេស​កម្ពុជា​​ឬ​ប្រទេស​តូច​ៗ​មួយ​ចំនួន​ឡើយ​ ពួក​គេ​សុទ្ធតែ​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​​វគ្គ​ជម្រុះ​ទៅ​។ ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ស្ងើច​សរសើរ​នោះ​គឺ​អ្នក​​ទាំង​ពីរ​មាន​វ័យ​​ខុស​ពី​ធម្មតា ប៉ុន្តែ​មាន​​សមត្ថភាព​អាច​ឡើង​មក​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​បាន​។

​​កុមារី Zheng Haohao ​បាន​ជាប់​​ជា​​អ្នក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អូឡាំពិក​ ​​​ខណៈ​ដែល​អ្នក​ដែល​ក្មេង​ជាង​គេ​លេខ​១​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អូឡាំពិក​នោះ​គឺ​អត្តពលិក​​កាយ​សម្ពន្ធ​​របស់​​​​ប្រទេស​​​​ក្រិក​​ Dimitrios Loundras ដែល​​បាន​ចុះ​ផ្សាយ​ក្នុង​វេប​សាយ​របស់​អូឡាំពិក​ថា ​គេ​មាន​វ័យ​១០​ឆ្នាំ​ និង២១៨​ថ្ងៃ ​ហើយ​បាន​ចូល​រួម​​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​​អូឡាំពិក​កាល​ឆ្នាំ​១៨៩៦​។

សម្រាប់​កីឡា​ការិនី Jill Irving ​វិញ​​នេះ​ជា​​ការ​ចូលរួម​លើក​ទី​១​​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក បើទោះ​បី​ជា​គេ​បាន​ចាប់​ផ្ដើម​​ហ្វឹកហាត់​កីឡា​ជិះសេះ​តាំង​ពី​ក្មេង​មក​ក៏​ដោយ​។ គេ​ដឹង​ថា ​​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​នេះ​នៅ​បារាំង​មាន​​អ្នក​ជិះសេះ​ម្នាក់​ទៀត​ដែល​ចាស់​ជាង Jill Irving ​ទៅ​ទៀត​គឺ​កីឡា​ការិនី​អូស្ត្រាលី Mary Hanna ប៉ុន្តែ​​នាង​មិន​​អា​ចចូលរួម​ប្រកួត​ប្រជែង​បាន​ទេ ​ព្រោះ​នាង​មាន​ឈ្មោះ​ស្ថិត​នៅ​​បញ្ជី​បម្រុង​ ដរាប​ណា​មិត្ត​រួម​​​ក្រុម​របស់​នាង​ឈឺ ឬ​របួស​ទើប​នាង​អាច​ចូល​​ប្រកួត​ជំនួស​បាន​។

​ក្នុង​របាយ​ការណ៍​របស់​អូឡាំពិក​អ្នក​ដែល​ចាស់​​គេ​​ក្នុង​​ប្រវត្តិសាស្ត្រ​អូឡាំពិក​គឺ​​អ្នក​បាញ់​កាំភ្លើង Oscar Swahn ​​របស់​ប្រទេស​ស៊ុយអែត​ដែល​មាន​វ័យ​៧២​ឆ្នាំ​​ ហើយ​គេ​បាន​ចូលរួម​ការ​ប្រកួត​បាញ់​កាំភ្លើង​កាល​​អូឡាំពិក​ឆ្នាំ​១៩២០ ​នៅ Antwerp ៕ ​​​​​​

ប្រភព៖sabay

Most Popular

To Top