កីឡា

អតីតប្រធានក្រុម បាល់ទាត់អង់គ្លេស David Beckham និងភរិយា ដើរកម្សាន្តវិស្សមកាល នៅលើនាវាទំនើបតម្លៃ ២០ លានដុល្លារ

VN Express

អ៊ីតាលី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតកីឡាករបាល់ទាត់ជម្រើសជាតិអង់គ្លេស David Beckham និងភរិយារបស់លោក អ្នកនាង Victoria បានរីករាយនឹងវិស្សមកាលដ៏ត្រចះត្រចង់នៅលើនាវាទំនើបតម្លៃ ២០ លានដុល្លារក្នុងប្រទេសអ៊ីតាលី បន្ទាប់ពីប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទី ២៥ របស់ពួកគេកាលពីប៉ុន្មានសប្តាហ៍មុន។

សារព័ត៌មាន The Sun បានរាយការណ៍ថា លោក Beckham អាយុ ៤៩ ឆ្នាំ ត្រូវបានគេឃើញកំពុងងូតទឹក បន្ទាប់ពីលោកធ្វើដំណើរ កម្សាន្តជាលក្ខណៈគ្រួសារ នៅសមុទ្រមេឌីទែរ៉ាណេកាលពីថ្ងៃចន្ទ ។ រូបភពមួយចំនួនផ្សេងទៀតត្រូវបានចែករម្លែក តាមអ៊ីនធើណេតបានបង្ហាញថា គូស្នេហ៍នេះត្រូវបានផ្តល់អាហារដោយបុគ្គលិកនៅលើនាវា ខណៈពួកគេកំពុងងូតទឹក ក្រោមពន្លឺព្រះអាទិត្យ។

គេហទំព័រ News របស់អង់គ្លេសបានចេញផ្សាយថា គូស្នេហ៍ទាំង ២ នាក់ កំពុងតែរីករាយជាមួយការ ទទួលទានអាហារឆ្ងាញ់ៗនៅភោជនីយដ្ឋាន Lo Scoglio ក្នុងទីក្រុង Nerano ជាមួយមិត្តភក្តិជិតស្និទ្ធរបស់ពួកគេផងដែរ ។ នាវាកម្សាន្តមួយនេះ បានសរសេរអក្សរ Seven ជាលេខរបស់អតីតកីឡាករ បាល់ទាត់ឆ្នើម នៅពេលលោកជា ប្រធានក្រុមអង់គ្លេស ។

បច្ចុប្បន្ន លោក Beckham គឺជាប្រធានក្លឹបបាល់ទាត់ Inter Miami នៅអាមេរិក ខណៈអតីត Spice Girl អ្នកនាង Victoria គឺជាអ្នករចនាម៉ូដ។ កាលថ្ងៃទី ៤ ខែកក្កដា គូស្នេហ៍មួយគូនេះ បានប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទី ២៥ របស់ពួកគេនៅហាងស្រាមួយក្នុងទីក្រុងឡុងដ៍៕

Most Popular

To Top