បច្ចេកវិទ្យា

ទួរគី​បិទ​បណ្ដាញសង្គម​អ៊ីស្តាក្រាម ដោយ​មិន​ផ្ដល់​មូលហេតុ

អាជ្ញាធរ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ប្រព័ន្ធ​ទំនាក់ទំនង​ទួរគី ​បាន​ប្រកាស​បិទ​បណ្ដាញ​សង្គម​អ៊ីនស្តាក្រាម (Instagram) ដោយ​មិន​បាន​ផ្ដល់​មូលហេតុ​ផ្លូវការ។

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ស្រុក​របស់​ប្រទេស​ទួរគី​បាន​ចេញ​ផ្សាយ​ថា៖ «Instagram.com ត្រូវ​បាន​បិទ​ ដោយ​សេចក្ដី​សម្រេច​ចុះ​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ២០២៤»។ ប្រជាជន​ទួរគី ៥០លាន​នាក់ ចំណោម ៨៥លាន​នាក់​កំពុង​តែ​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ។ ការ​បិទ​បណ្ដាញ​នេះ​ អាជ្ញាធរ​ទួរគី​មិន​បាន​បញ្ជាក់​ពី​មូលហេតុ ឬ រយៈកាល​កំណត់​នៃ​ការ​បិទ​នេះ​ទេ។

យ៉ាងណាមិញ បើ​យោង​តាម​កាសែត​ Daily Sabah ដែល​ជា​កាសែត​ច្រើន​តែ​និយាយ​អំពី​ជំហរ​របស់​រដ្ឋាភិបាល​ បាន​ចុះ​ផ្សាយ​ថា ការ​បិទ​បណ្ដាញសង្គម​នេះ​ជា​ការ​ឆ្លើយតប​នឹង «ការ​លុប​ផុស​ [ដោយ​ក្រុមហ៊ុន​ Meta] ទាក់ទង​នឹង​លោក Haniyeh»។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន Meta ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​បណ្ដាញ​សង្គម​ធំៗ​ដូច​ជា Facebook និង Instagram បាន​លុប​ការ​បង្ហោះ​មួយ​ចំនួន​របស់​អ្នកប្រើប្រាស់​នៅ​ស្រុក​ទួរគី​ ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលែក​ទុក្ខ​នៃ​មរណភាព​របស់​អតីត​នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន និង​ជា​មេដឹកនាំ​ផ្នែក​នយោបាយ​របស់ក្រុមហាម៉ាស់។

លោក Ismail Haniyeh ត្រូវ​បាន​គេ​សម្លាប់​នៅ​រដ្ឋធានី​តេហេរ៉ង់​ ប្រទេស​អ៊ីរ៉ង់។ ខាង​អ៊ីរ៉ង់ និង​ហាម៉ាស់​បាន​ចោទ​ថា អ៊ីស្រាអែល​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​នេះ។

លោក Fahrettin Altun ដែល​ជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​ប្រធានាធិបតី​ទួរគី Recep Tayip Erdogan បាន​បង្ហោះ​នៅ​បណ្ដាញសង្គម X កាល​ពី​សប្ដាហ៍​នេះ​ថ្កោល​បណ្ដាញ​សង្គមអ៊ីនស្តាក្រាម ដែល​បាន​លុប​ចោល​នូវ​ការបង្ហោះ​របស់​អ្នកប្រើប្រាស់​ទួរគី ដែល​បាន​រំលែក​ទុក្ខ​ដល់​លោក Haniyeh។

«នេះ​ជា​ការ​បំបិទសិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ស្រស់ៗ​តែ​ម្ដង»។ នេះ​បើ​តាម​ការ​បង្ហោះ​របស់​លោក Altun៕

Most Popular

To Top