អាជ្ញាធរជាតិអប្សរា បានស្ថាបនាផ្លូវកង់ ក្នុងរមណីយដ្ឋានអង្គរ សម្រាប់បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ និងដើម្បីឱ្យទទួលបានអារម្មណ៍ប្លែក ប្តូរបរិយាកាសថ្មីជាមួយទេសភាពដ៏ស្រស់ស្អាត សុខភាព និងលុបបំបាត់ផ្សែងពុលដែលបង្កគ្រោះថ្នាក់ដល់ការអភិរក្សប្រាសាទ ។
សូមជម្រាបថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើម សង់ផ្លូវកង់ ក្នុងរមណីយដ្ឋានអង្គរនៅឆ្នាំ២០២០ ដើម្បីសម្រួលដល់ ភ្ញៀវទេសចរ ដែលនិយមជិះកង់កម្សាន្ត។ ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរប្រវែងសរុបជាង ២៣គីឡូម៉ែត្រ ហើយក្នុងនោះក៏មានឆ្លងស្ទឹង ចំនួន៤ទីតាំងផងដែរ ។
គោលបំណងសំខាន់ នៃការបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ គឺការចង់បែងចែកឱ្យដាក់ពីគ្នារវាងផ្លូវ ចរាចរណ៍ធម្មតា និងផ្លូវកង់ ដើម្បីលើកកម្ពស់កីឡាជិះកង់ ការកាត់បន្ថយគ្រោះថ្នាក់ នៅលើដងផ្លូវ រវាងអ្នកជិះយានយន្ត និងអ្នកជិះកង់ ពិសេសកាត់បន្ថយផ្សែងយានយន្ត ដែលប៉ះពាល់ដល់ថ្មប្រាសាទ ៕
