ខេត្តស្វាយរៀង៖លោក ហឿង សុផុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាតំណាងឲ្យលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជា និងលោក ញ៉ែម សារី អភិបាលរង នៃគណៈអភិបាលខេត្តស្វាយបានអញ្ជើញចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថា្នក់រាជធានី-ខេត្ត និងកម្មវិធីត្រួតពិនិត្យសុខភាពកីឡាករ-កីឡាការិនីនៅខេត្តស្វាយរៀងនៅថ្ងៃទី១២ខែសីហា ឆ្នាំ២០២៤ ដើម្បីបន្តលើកកម្ពស់កីឡាករ កីឡាការិនីមានពិការភាព ក្នុងសង្គមជាតិកាន់តែល្អប្រសើរបន្ថែមទៀត។
លោក ហឿង សុផុន បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាជាអង្គការមិនរកប្រាក់ចំណេញ មានការទទួលខុសត្រូវក្នុងការអភិវឌ្ឍ ចលនាកីឡាជនបញ្ញាខ្សោយទាំងក្មេង ទាំងចាស់ នៅទូទាំងកម្ពុជា។ គណៈកម្មាធិការនេះជាអង្គការសង្គមកីឡាទទួលបន្ទុកជនពិការខ្សោយសតិបញ្ញាឲ្យទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ធ្វើឲ្យពួកគាត់ទទួលបាននូវសុខុមាលភាព និងមានភាព ក្លាហាន មានបញ្ញាស្មារតីរឹងមាំ សីលធម៌ថ្លៃថ្នូរ និងភាពរាក់ទាក់ពីសំណាក់អាណាព្យាបាល និងកីឡាករ កីឡាការិនី ដទៃទៀត និងជៀសផុតពីការរើស អើងផ្សេងៗនៅក្នុងសង្គម។
លោកអនុប្រធានបានបន្តថា គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា សហការជាមួយអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តស្វាយរៀង រៀបចំការប្រកួត ថ្នាក់ខេត្តរវាងខេត្តស្វាយរៀង និងព្រៃវែង ដើម្បីជ្រើសរើសកីឡាករឆ្នើមទៅចូលរួមការប្រកួតថ្នាក់ជាតិប្រចាំឆ្នាំ២០២៤។ ក្រៅពីនេះ យើងបានសហការជាមួយអង្គការ សមាគមនានាបានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗជនពិការខ្សោយសតិបញ្ញាបានហ្វឹកហាត់ និងចូលរួមប្រកួតកីឡាដើម្បីបង្ហាញនូវការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់ជនពិការ ព្រមទាំងអនុវត្តតាមគោលការច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទ្ធិជនមានពិការភាព។
ចំណែកលោក ញ៉ែម សារី បានថ្លែងថា ការប្រកួតកីឡានេះក្នុងគោលបំណងផ្តល់ឱកាសឲ្យក្រុមអត្តពលិកខ្សោយសតិបញ្ញា ថ្នាក់ភូមិ ឃុំ ស្រុក ខណ្ឌ ខេត្ត និងខេត្តបានជួបជុំគ្នា ធ្វើការប្រកួតប្រជែង ដើម្បីចែករម្លែក បទពិសោធន៍ ភាពសប្បាយរីករាយពីគ្នាទៅវិញទៅមក លើកកម្ពស់ ជនបញ្ញាខ្សោយ និងលុបបំបាត់ពីការការរើសអើងផ្សេងៗនៅក្នុងសង្គម។
លើសពីនេះទៀតនោះ ការប្រកួតមិនមែនដើម្បីតែជ័យជំនះម៉្យាងនោះទេ គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក។ ជាពិសេស ការប្រកួតនេះដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ នាចុងខែវិច្ឆិកាខាងមុខផងដែរ៕