ភ្នំពេញ៖លោក គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លី លើតុ កម្ពុជានាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ អញ្ជើញចូលរួម ពីធីបិទវគ្គបណ្តុះបណ្តាល បច្ចេកទេសដល់អាជ្ញាកណ្តាល កីឡាវាយកូនឃ្លីលើតុកម្រិតមូលដ្ឋាន ដែលមានរយៈពេល៥ថ្ងៃ ចាប់ថ្ងៃទី១៨ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅលេខាធិការដ្ឋានសហព័ន្ធដំបូលទូក នៃពហុកីឡដ្ឋានជាតិ។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការនៃសហព័ន្ធ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលបច្ចេកទេសអាជ្ញាកណ្តាល កីឡាវាយកូនឃ្លីលើតុ សហព័ន្ធមានគោលបំណង២ធំៗ គឺសហព័ន្ធចង់ពង្រឹងសមត្ថភាព អាជ្ញាកណ្តាលថ្នាក់ជាតិ ឲ្យបានរឹងមាំអាជ្ញាកណ្តាល ពិតប្រាកដថ្នាក់ជាតិសិន បន្ទាប់មកយើងនឹងជំរុញ ពួកគាត់ឲ្យក្លាយជា អាជ្ញាកណ្តាលកម្រិតអន្តរជាតិ។
លោកបានបន្តថា ការជំរុញឲ្យក្លាយជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិនេះ ដើម្បីត្រៀមខ្លួនរបស់សហព័ន្ធសម្រាប់ ព្រឹត្តិការណ៍ការប្រកួត SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ការប្រកួតនោះ ក្នុងការប្រើប្រាស់អាជ្ញាកណ្តាល កម្រិតអន្តរជាតិរបស់កម្ពុជាឲ្យអស់ សមត្ថភាពកុំឲ្យយើងពឹងពាក់ អន្តរជាតិច្រើនពេក។ សម្រាប់ការសិក្សាវគ្គសិក្ខាកាម ទទួលបាននិទ្ទេសល្អរហូត ដល់៨០ភាគរយ។
លោក គៀត ច័ន្ទថារិទ្ធបានមាន ប្រសាសន៍ថា សិក្ខាកាមដែលអាជ្ញាកណ្តាល កម្រិតជាតិទំាងអស់ត្រូវខិតខំប្រឹងថែមទៀត ដើម្បីឲ្យក្លាយអាជ្ញាកណ្តាល កម្រិតអន្តរជាតិ ក្នុងការជួយអភិឌ្ឍនវិស័យកីឡា វាយកូនឃ្លីលើតុកម្ពុជាឲ្យមាន ការរីកចម្រើនកាន់តែខ្លាំងឡើង និងដណ្តើមបាន មេដាយ លើឆាកអន្តរជាតិ។
វគ្គនេះបង្រៀនដោយ លោកគ្រូ ស៊ុន រតនា ជាអាជ្ញាកណ្តាល កម្រិតអន្តរជាតិរបស់កម្ពុជា ហើយលោក បានប្រឡង់ជាប់ កីឡាវាយកូនឃ្លីលើតុ កីឡាវាយកូនឃ្លីលើតុកាលឆ្នាំ២០១០ ដោយទទួលស្គាល់ពី សហព័ន្ធកីឡាវាយកូនឃ្លីលើ តុអន្តរជាតិ “ITTF” ដែលមានសិក្ខាកាមចូលរួម ចំនួន២៥នាក់ក្រោម ការឧប្ថម្ភគាំទ្រថវិកាពី ក្រសួងអប់រំ យុវជន និងកីឡា៕ ដោយ៖លី ភីលីព