ព្រឹត្តិការណ៍

មក​ស្គាល់ពីប្រទេសទាំងនេះ ដែល​មិនមាន​​​ រដ្ឋធម្មនុញ្ញ​ផ្លូវការ

នៅ​ក្នុង​ពិភពលោក​យើង​នេះ រដ្ឋ​ផ្លូវការ​នានា​សុទ្ធ​តែ​មាន​រដ្ឋធម្មនុញ្ញ​មួយ ដើម្បី​ដើរ​តួ​ជា​ត្រីវិស័យ​ក្នុង​ការ​កំណត់​របៀបរបប​ដឹកនាំ​រដ្ឋ ក៏​ដូច​ជា​ទំនាក់ទំនង​រវាង​រដ្ឋ និង​ពលរដ្ឋ ព្រមទាំង​សិទ្ធិ​សំខាន់​ៗ​នានា​របស់​រដ្ឋាភិបាល និង​ប្រជា​ជន​ជា​ដើម។ ជាក់ស្ដែង​ កម្ពុជា​សព្វថ្ងៃ​នេះ​ត្រូវ​បាន​ដឹកនាំ​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ និង​ការ​ធ្វើ​វិសោធនកម្ម​បំពេញបន្ថែម​នានា​អស់​រយៈពេល​ជាង ៣០ឆ្នាំ​មក​នេះ។

ទោះ​ជា​បែប​នេះ​ក្ដី លើ​ពិភពលោក​មាន​ប្រទេស​ចំនួន ៥ ដែល​មិនមាន​រដ្ឋធម្មនុញ្ញ​ផ្លូវការ។ យ៉ាងណាក៏ដោយ ប្រទេស​ទាំង​ ៥នេះ​ត្រូវ​បាន​ដឹកនាំ​ ដោយ​ផ្អែក​លើ​ច្បាប់​ ឬ ឯកសារ​គតិ​យុត្តិ​នានា ដែល​ត្រូវ​បាន​ព្រមព្រៀង​ និង​សម្រិតសម្រាំង​តាក់តែង​ស្រប​តាម​បរិបទ​របស់​ស្រុក​គេ​រៀងៗ​ខ្លួន។
ប្រទេស​ទាំង​ ៥នោះ​មាន​ដូច​ជា ៖
ចក្រភព​អង់គ្លេស ៖ ចក្រភព​អង់គ្លេស​មាន​កំណើត​រាប់​រយ រាប់​ពាន់​ឆ្នាំ​មក​ហើយ យ៉ាងណាមិញ​រាល់​ការ​ដឹកនាំប្រទេស​ ស្រុក​នេះ​ប្រើប្រាស់​ច្បាប់​ផ្សេងៗ ដែល​កំណត់​ការ​ប្រព្រឹត្តិ​ទៅ​នូវ​ស្ថាប័ន​នីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និង​ស្ថាប័ន​តុលាការ។ បន្ថែម​ពី​នេះ​ទៅ​ទៀត ប្រទេស​ច្រើន​តែ​ផ្អែក​លើ​ប្រពៃណី​នីតិរដ្ឋ ដែល​មនុស្ស​គ្រប់រូប​ត្រូវ​តែ​ស្ថិត​ក្រោម​ច្បាប់។

អ៊ីស្រាអែល៖ អ៊ីស្រាអែល​ត្រូវ​បាន​ប្រកាស​បង្កើត​ចេញ​ជា​រូបរាង​រដ្ឋ នៅ​ឆ្នាំ១៩៤៨។ ប្រទេស​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​ផ្អែក​តាម​សេចក្ដីសម្រេច​ Harari នៅ​ឆ្នាំ១៩៥០។ ក្រោយៗ​មក​ទៀត​ ប្រទេស​នេះ​ក៏​បាន​ចេញ​កម្រង​ច្បាប់​នានា ដែល​ហៅ​ថា កម្រង​ច្បាប់​មូលដ្ឋាន ហើយ​ច្បាប់​ទាំង​នោះ​ ជា​ត្រីវិស័យ​ក្នុង​ការ​កំណត់​របៀប​ដឹកនាំ​នៅ​ក្នុង​ស្រុក​មជ្ឈិមបូព៌ា​នេះ។

នូវែលហ្សេឡង់៖ នូវែលហ្សេឡង់​មិន​មែន​រដ្ឋធម្មនុញ្ញ​តែ​មួយ​នោះ​ទេ តែ​ប្រទេស​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​ផ្អែក​លើ​ច្បាប់​នានា​ដូច​ជា ច្បាប់​ស្ដីពី​ធម្មនុញ្ញភាព​ឆ្នាំ១៩៨៦ ដែល​ទទួល​ស្គាល់​ថា ប្រទេស​នេះ​មាន​ប្រមុខ​រដ្ឋ​ជា​ស្ដេច ឬ មហាក្សត្រិយ៍​អង់គ្លេស និង​នាយករដ្ឋមន្ត្រី​កើត​ចេញ​ពី​ការ​បោះឆ្នោត​នៅ​នូវែលហ្សេឡង់។ ក្រៅ​ពី​ច្បាប់​នេះ ប្រទេស​នេះ​ក៏​ពឹង​ផ្អែក​លើ ច្បាប់​ស្ដីពី​ការ​ប្រព្រឹត្តិ​ទៅ​នូវ​សភា និង​សាលក្រម​តុលាការ​នានា​។

អារ៉ាប៊ីសាអ៊ូឌីត ៖ ប្រទេស​មជ្ឈិមបូព៌ា​នេះ​ដឹកនាំ​ ដោយ​ផ្អែក​លើ​ច្បាប់​ឥស្លាម​២ធំៗ​គឺ ច្បាប់​សារិអា (Sharia) និង​គម្ពីរ​កូរអាន (Quran)។ រាល់​សេចក្ដីសម្រេច និង​ការអនុវត្ត​នានា​នៅ​ស្រុក​នេះត្រូវ​បាន​តុលាការ​បកប្រែ និង​អនុវត្ត ចេញ​ពី​ច្បាប់​ទាំង ២នេះ។

កាណាដា ៖ កាណាដា​ ស្រដៀង​នឹង​នូវែលហ្សេឡង់​ដែរគឺ ប្រព្រឹត្តិ​ទៅ​ដោយ​មិនមែន​រដ្ឋធម្មនុញ្ញ​តែ​មួយ​នោះ​ទេ។ ប្រទេស​នេះ​ដឹកនាំ​ដោយ​ផ្អែក​លើ ច្បាប់​នានា​ទាំង​សរសេរ​លាយលក្ខណ៍​អក្សរ និង​ប្រពៃណី​កន្លង​មក។ ច្បាប់​ដែល​កំណត់​ការ​ដឹកនាំ​របស់​កាណាដា​​រួមមាន ច្បាប់​ស្ដីពី​ការ​ប្រព្រឹត្តិ​ទៅ​នូវ​ប្រទេស​កាណាដា ច្បាប់​ស្ដីពី​ធម្មនុញ្ញភាព​ជា​ដើម៕

Most Popular

To Top