ប្រព័ន្ធបង្ហូរទឹកបុរាណ ដែលមាន ចម្លាក់រូបក្បាលមករ នៅទំនប់(ទឹកមុជ)ដែលជាទំនប់ទឹកបុរាណ ស្ថិតនៅជ្រុងនិរតីចម្ងាយ ប្រមាណ៣គីឡូម៉ែត្រពីប្រាសាទបេងមាលា ក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កំពុងរងការខូចខាតយ៉ាងខ្លាំង។
ក្រុមជំនាញរបស់នាយកដ្ឋាន អភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចាប់ផ្ដើមជួសជុល ប្រព័ន្ធបង្ហូរទឹកនេះ ដើម្បីឱ្យមានភាពប្រសើរឡើងវិញ។
បុព្វបុរសខ្មែរសម័យមុន បានធ្វើចង្អូរបង្ហូរទឹកចម្លាក់មករនេះ សម្រាប់ប្រមូលទឹកពីតំបន់ភ្នំគូលែន បញ្ចេញមកក្រោមតាមទ រួចហើយឱ្យហូរចេញតាមមាត់សត្វមករ ធ្លាក់ចូលទៅក្នុងអូរថ្មដាប់ បន្តទៅបំពេញនៅកសិន្ធុប្រាសាទបេងមាលា និងបន្តហូរចាក់ចូលទៅអាងរក្សាទឹកធំមួយ នៅភាគខាងកើត របស់ប្រាសាទបេងមាលា ដែលគេហៅថាវាលផ្ទី៕