ព័ត៌មានអន្តរជាតិ

ប្រទេសចិន មានអ្នកនិយម លេងប្រព័ន្ធ អ៊ីនធើណេតជិត ១.១ ពាន់លាននាក់

ចិន៖របាយការណ៍ ដែលចេញផ្សាយ ដោយមជ្ឈមណ្ឌល ព័ត៌មានបណ្តាញ អ៊ីនធើណេតចិន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនមានអ្នកនិយមលេងប្រព័ន្ធអ៊ីនធើណេតជិត ១.១ ពាន់លាននាក់ គិតត្រឹមខែមិថុនា កើនឡើង ៧.៤២ លាននាក់បើធៀបនឹងខែធ្នូ ឆ្នាំ ២០២៣ យោងតាមការចេញ ផ្សាយពីគេហទំព័រ China Daily ។

យោងតាមរបាយការណ៍ បានឲ្យដឹងថា សេវាបង់ប្រាក់តាមទូរស័ព្ទត្រូវបានធ្វើឲ្យប្រសើរជាបន្តបន្ទាប់ ដោយផ្តល់នូវភាពងាយ ស្រួលកាន់តែច្រើនសម្រាប់ជនបរទេសដែលចូលមក ឬស្នាក់នៅក្នុងប្រទេសចិន។ ចាប់ពីខែមករាដល់ខែមិថុនា អ្នកធ្វើដំណើរក្នុងប្រទេសជាង ៥ លាននាក់បានប្រើប្រាស់សេវាបង់ប្រាក់តាមទូរស័ព្ទ ដែលកើនឡើង ៤ ដងពីមួយឆ្នាំទៅមួយឆ្នាំ។

អ្នកធ្វើដំណើរបាននាំយកប្រតិបត្តិការជាង ៩០ លាន ដែលសរុបជាទឹកប្រាក់ ១៤ ពាន់លានយន់ (១.៩ ពាន់លានដុល្លារ) ក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយទាំង ២ បានកើនឡើង ៧ ដងធៀបនឹងឆ្នាំមុន។ ក្នុងចំណោមអ្នកប្រើប្រាស់ អ៊ីនធើណេតថ្មីចំនួន ៧.៤២ លាននាក់ ភាគច្រើនជាក្មេងជំទង់ ដែលមានអាយុពី១០ ទៅ ១៩ ឆ្នាំ និងមនុស្សចាស់ ។ ជាក់ស្តែងយុវជនមានចំនួន ៤៩ ភាគរយ នៃអ្នកនិយមលេង អ៊ីនធើណេតថ្មី ខណៈអ្នកមានអាយុពី ៥០ ទៅ ៥៩ ឆ្នាំ និង ៦០ ខាងលើតំណាងឲ្យ ១៥.២ ភាគរយ និង ២០.៨ ភាគរយ។

ជាង ៣៧ ភាគរយ នៃអ្នកប្រើប្រាស់អ៊ីនធើណេតថ្មី បានជ្រើសរើសប្រើកម្មវិធីវីដេអូខ្លី នៅពេលពួកគេចូលអ៊ីនធើណេតដំបូង បន្ទាប់មកសេវាកម្មផ្ញើសារភ្លាមៗ ដោយបន្ថែមថា ជាង ៩៥ ភាគរយនៃអ្នកប្រើប្រាស់ អ៊ីនធើណេត សរុបគឺជាអ្នកប្រើប្រាស់វីដេអូខ្លី៕

Most Popular

To Top