កីឡា

ការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ បានធ្វើដំណើរ មកដល់មណ្ឌល ខេត្តកំពតហើយ

កំពត ៖ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិ សម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា លោក ខាន់ សុខា អភិបាលរង នៃគណៈអភិបាលកំពត នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាកិត្តិយស ក្នុងការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ នៅខេត្តកំពត ។

លោក ខាន់ សុខា បានមានប្រសាសន៍ថា ការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ ក្នុងគោលបំណង ផ្តល់ឱកាសឲ្យក្រុមកីឡាករ -កីឡាការិនីខ្សោយសតិបញ្ញា ថ្នាក់ភូមិ ឃុំ ស្រុក ខណ្ឌ ខេត្ត និងខេត្ត បានជួបជុំគ្នា ធ្វើការប្រកួតប្រជែង ដើម្បីចែករម្លែក បទពិសោធន៍ ភាពសប្បាយរីករាយពីគ្នា ទៅវិញទៅមក លើកកំពស់ ជនបញ្ញាខ្សោយ និងលុបបំបាត់ពីការការរើសអើងផ្សេងៗនៅក្នុងសង្គម ។ ការប្រកួតកីឡា មិនមែន ដើម្បីតែជ័យជំនះម៉្យាងនោះទេ គឺដើម្បីរឹតចំណាង មិត្តភាព សាមគ្គីភាព និងផ្តល់ឱកាសចូលរួមសកម្មភាព ក្នុងសង្គម តាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក ។

ជាពិសេស ការប្រកួតនេះដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ នាចុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខផងដែរ។ ដោយមានការបង្កលក្ខណៈឧបត្ថម្ភគាំទ្រទាំងថវិកា សម្ភារៈ និងបច្ចេកទេស របស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ការគាំទ្រ សម្របសម្រួល និងបង្កលក្ខណៈសម្រាប់ការរៀបចំ របស់លោកអភិបាល នៃគណៈអភិបាលខេត្តកំពត ព្រមទាំងកិច្ចសហការ ចូលរួមអនុវត្ត របស់លោកប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្ត អង្គភាព ដែលពាក់ព័ន្ធក្នុងអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក ខេត្តកំពត បានធ្វើឲ្យកីឡា ស្ប៉េស្យាល់ អូឡាំពិក (សម្រាប់ជនមានពិការភាពខ្សោយសតិបញ្ញា) មានចលនាទាំងនៅថ្នាក់ខេត្ត និងក្រុង/ស្រុក ព្រមទាំងមូលដ្ឋាន។
ពោលគឺ ឪពុក ម្តាយ អាណាព្យាបាល ជនមានពិការភាពខ្សោយសតិបញ្ញា បានយល់ដឹងកាន់តែទូលំទូលាយ និងបានបង្កលក្ខណៈ ឲ្យកូនចៅរបស់គាត់ បានចូលរួមក្នុងការហ្វឹកហាត់នូវប្រភេទកីឡាបាល់ទាត់ កីឡាប៊ូល និងកីឡាអត្តពលកម្ម ដើម្បីពង្រឹង និងពង្រីកសមត្ថភាព របស់កីឡាករ ក្នុងការចូលរួមចលនា កីឡាស្ប៉េស្យាល់អូឡាំពិកបានល្អប្រសើរ ។

លោក សែម សុខា ក៏បានមានប្រសាសន៍ថា រៀបចំកម្មវិធីនេះដើម្បីរួមចំណែក និងលើកស្ទួយវិស័យពិការភាព ជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិក ដែលជានិច្ចកាលគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាល មន្រ្តីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងធ្វើការហ្វឹកហាត់ក្នុងគោលបំណង ផ្តល់ឱកាសដល់ជនពិការ ខ្សោយសតិបញ្ញា បានចូលរួមក្នុងសកម្មភាពសង្គម តាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់ ។

វិស័យពិការភាព គឺជាអាទិភាពដ៏សំខាន់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការ៕

Most Popular

To Top