ព័ត៌មានអន្តរជាតិ

Youtuber ល្បីឈ្មោះ IshowSpeed ត្រូវបុរសជនជាតិ វៀតណាមម្នាក់ កោរលុយអស់ ១លានដុង

Vietnam Net

បរទេស ៖ បុរសម្នាក់នៅទីក្រុងហូជីមិញ ត្រូវបានពិន័យជាប្រាក់ចំនួន ១០លានដុង ស្មើនឹង ៤១០ ដុល្លារអាមេរិក បន្ទាប់ពីបុរសវៀតណាមរូបនេះ បានកោរលុយពីអ្នកល្បីឈ្មោះ នៅលើអិនធ័រណិតលើពិភពលោក IShowSpeed សម្រាប់ការជួល ស្គីអគ្គិសនី នៅលើផ្លូវដើរ Nguyen Hue ដែលបង្កឱ្យមានការខឹងសម្បារផងដែរ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នគរបាលខណ្ឌទី១ កាលពីថ្ងៃអាទិត្យបានផាក ពិន័យបុរសអាយុ ២៣ឆ្នាំម្នាក់ ដែលមិនបញ្ចេញឈ្មោះពីបទប្រើប្រាស់ផ្លូវ និងចិញ្ចើមផ្លូវដោយខុសច្បាប់ ដើម្បីជួលស្គីអគ្គិសនី និងលក់ទំនិញគ្មាន ប្រភពច្បាស់លាស់ ស្របតាមច្បាប់ចរាចរណ៍ផ្លូវគោក និងក្រឹត្យរដ្ឋាភិបាល។

បុរសនោះបានទទួលការផាកពិន័យ បន្ទាប់ពីគាត់ត្រូវបានគេរកឃើញថា បានគិតប្រាក់លើអ្នកចាក់ផ្សាយជនជាតិអាមេរិកដែលមានអ្នកតាមដាន ឬ Followers ជិត ៣០ លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ចំនួន ១លានដុង ស្មើនឹង ៤០,៧៤ ដុល្លារ សម្រាប់ការជួលស្គីអគ្គិសនី រយៈពេល ៥ នាទីនៅលើផ្លូវ Nguyen Hue មួយថ្ងៃមុន។

តាមរយៈអ្នកបកប្រែ IShowSpeed បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការជួលស្គីអគ្គិសនីពីអ្នកលក់។ អ្នកលក់ដំបូងបានយកថ្លៃ ១០០ដុល្លារ។ ទោះបីជាមានការស្ទាក់ស្ទើរក៏ដោយ ក៏ IShowSpeed នៅទីបំផុតបានប្រគល់ប្រាក់ចំនួន ១ លានដុង ហើយជិះប្រហែល ៥ នាទី៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top