បរទេស៖ សេចក្តីថ្លែងការណ៍មួយ ពីការិយាល័យប្រធានាធិបតីអ៊ីរ៉ាក់ បាននិយាយថា ប្រធានាធិបតីអ៊ីរ៉ាក់ លោក Barham Salih បានជួបជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងទីក្រុង Davos នៅថ្ងៃពុធនេះ ហើយបានពិភាក្សាគ្នា ពីការកាន់បន្ថយកងទ័ពបរទេស ដែលឈរជើងក្នុងប្រទេសអ៊ីរ៉ាក់។

សេចក្តីថ្លែងការណ៍នោះ បាននិយាយយ៉ាងដូច្នេះថា “នៅក្នុងអំឡុងជំនួបនោះ ការកាត់បន្ថយកងទ័ពបរទេស និងសារៈសំខាន់នៃការគោរព ចំពោះការទាមទារ របស់ប្រជាជនអ៊ីរ៉ាក់ ឲ្យថែរក្សាអធិបតេយ្យភាព របស់ប្រទេស ត្រូវបានលើកយកមកពិភាក្សាគ្នា” ។

គួរបញ្ជាក់ថា នៅក្នុងពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Adel Abdul Mahdi បានស្នើទីក្រុងវ៉ាស៊ីនតោន ត្រៀមដកកងទ័ពសរដ្ឋអាមេរិក ដោយស្របទៅតាមការសម្រេចចិត្តរបស់រដ្ឋសភាអ៊ីរ៉ាក់ ប៉ុន្តែរដ្ឋបាលរបស់លោក ត្រាំ បដិសេធសំណើនោះ៕ ប្រែសម្រួល៖ប៉ាង កុង
