ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រដាល់ ដណ្តើមខ្សែក្រវាត់ខារ៉ាបាវ នៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២០នេះ អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយនោះ គឺ លាភ រដ្ឋា ក្លិបដីឡូត៍មានរិទ្ធខេត្តបន្ទាយមានជ័យ ហើយអ្នកប្រដាល់ថៃ Phat Trey ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ខណៈអ្នកប្រដាល់ជើងខ្លាំង ផាន់ គ្រាន់ ក្លិបពុទ្ធសេរីវង្សកីឡាសុំសាក់ស្នៀតគុនជាមួយអ្នកប្រដាល់ថៃ Yorth Moeurng ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ។
លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEATV បានឲ្យដឹងថា លាភ រដ្ឋា និង Phat Trey ពួកគេទាំងពីរមិនធ្លាប់ប៉ះគ្នាទេកន្លងមក ប៉ុន្តែយ៉ាងណាលាភ រដ្ឋា ប្រហែលជាមិនអាចឈ្នះ Phat Trey នោះឡើយ ដោយសារ លាភ រដ្ឋា គេមានសមត្ថភាពបច្ចេកទេសមិនដល់ Phat Trey ទេ។
លាភ រដ្ឋា គេវាយលឿន រហ័ស និង ខ្លាំង ប៉ុន្តែហាក់ដូចជាមិនសូវមានផ្លែល្អដូច Phat Trey នោះឡើយ។ Phat Trey ប្រកួត៥៩លើក ឈ្នះ៤៦លើក ចាញ់១២លើក និង ស្មើ១លើក និងលាភ រដ្ឋា ប្រកួតបាន៧១លើក ឈ្នះ៥៦លើក ចាញ់១៣លើក និង ស្មើ២លើក។
អ្នកប្រដាល់ជើងខ្លាំង កម្ពុជា ផាន់ គ្រាន់ ក្លិបពុទ្ធសេរីវង្សកីឡាសុំសាក់ស្នៀតគុនជាមួយអ្នកប្រដាល់ថៃ Yorth Moeurng ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ។
អ្នកប្រដាល់ថៃរូបនេះ គេមានផ្លែល្អ និងរឹងមាំណាស់ ទោះបីរូបគេទើបតែមកប្រកួត នៅស្រុកខ្មែរជាលើកទី២ ប៉ុណ្ណោះ លើកទី១វាយឈ្នះ មាស សុជាតិ ក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុ។ អ្នកប្រដាល់ថៃ Yorth Moeurng រូបនេះ គឺមានស្នៀតប្រដាល់ និងបច្ចេកទេសល្អហើយ វាយខ្លាំងថែមទៀត និងប្រកួត ៧៥លើក ឈ្នះ៦៥លើក និងចាញ់១០លើក មិនដែលស្មើ។
ចំណែក ផាន់ គ្រាន់ ជាអ្នកប្រដាល់ល្អ និងខ្លាំង ទោះបីមានស្នៀតប្រដាល់ និងបច្ចេកទេសល្អ ហើយវាយខ្លាំងក៏ដោយ នៅរូបគេមិនអាចធ្វើប្រហេសបានឡើយ ។ ផាន់ គ្រាន់ គេមានប្រវត្តិប្រកួតចំនួន១៣៥លើក ឈ្នះ១១១លើក ចាញ់២១លើក និងស្មើពិន្ទុ៣លើក។ដោយ៖លី ភីលីព