សុខភាព និង ផ្លូវភេទ

រក្សាតុល្យភាព នៃអ័រម៉ូន និងផ្ដល់ឲ្យស្បែកនូវសុខភាពល្អ ដោយគ្រាន់តែទទួលទាន អាហារទាំង 5 នេះ

អ្នកជំនាញជាច្រើនជឿថា ក្នុងចំណោមអ័រម៉ូនទាំងអស់ អ័រម៉ូនដែលឧស្សាហ៍ ធ្វើឲ្យស្បែកទទួលរងការបំផ្លាញ ឆាប់ជ្រីវជ្រួញ ហើយងាយនឹងកើតមុន គឺអ័រម៉ូនបុរសតេស្តូស្តេរ៉ូន ។ ( អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍រភិតភ័យអាចដោះស្រាយបាន) ហើយការទទួលទាន អាហារត្រូវប្រភេទ គឺមានឥទ្ធិពលយ៉ាងខ្លាំង ក្នុងការរក្សាបាននូវកម្រិតត្រឹមត្រូវ នៃអ័រម៉ូនតេស្តូស្តេរ៉ូន។ អត្ថបទខាងក្រោមនឹងបង្ហាញពីអាហារចំនួន ៥ ប្រភេទដែលអ្នកគួរទទួលទាន ប្រសិនបើចង់ឲ្យអ័រម៉ូនមានតុល្យភាព ហើយផ្ដល់សុខភាពល្អដល់ស្បែក ៖

១. គ្រាប់អាល់ម៉ុន
គ្រាប់ធញ្ញជាតិមួយនេះ គឺផ្ដល់ផលល្អមែនទែន ចំពោះសុខភាពស្បែក ។ គ្រាប់អាល់ម៉ុនបង្កើនអ័រម៉ូន adiponectic ដែលរក្សាជាតិស្ករ ក្នុងឈាមឲ្យស្ថិត នៅកម្រិតអប្បបរិមាមួយ ។ ស្ថានភាពនេះ នាំឲ្យកម្រិតនៃអ័រម៉ូនបុរស អង់ដ្រូហ្សែនថយចុះ ។ ការស្រាវជ្រាវជាច្រើន បានរកឃើញផងដែរថា ការទទួលទានគ្រាប់ធញ្ញជាតិ ជួយកាត់បន្ថយកម្រិតនៃអ័រម៉ូនបុរសផ្សេងៗទៀតដែលធ្វើស្បែកស្ងួត និងស្ដើង។ អ្នកជំនាញធ្វើការណែ នាំឲ្យទទួលទានគ្រាប់ អាល់ម៉ុនចំនួន ១១ គ្រាប់ជាប្រចាំ ដើម្បីរក្សាបាននូវសុខភាពស្បែកល្អប្រសើរ និងជៀសផុតពីបញ្ហាអតុល្យភាពនៃអ័រម៉ូន។

២. ផ្លែបឺរ
ផ្លែបឺរ គឺមានផ្ទុកនូវជាតិខ្លាញ់សុខភាពល្អដែលអាចជួយក្នុងការផលិតនូវកូឡេស្តេរ៉ូលល្អចាំបាច់នៅពេលសំយោគអ័រម៉ូន។ ការសំយោគអ័រម៉ូន គឺនឹងធ្វើឲ្យចរន្តឈាមរត់មានភាពល្អប្រសើរ ហើយបញ្ចេញអ័រម៉ូនផ្សេងៗ និងរក្សាបាននូវស្បែកដែលមានសុខភាពល្អទន់រលោង។ ជាតិខ្លាញ់ដែលមាននៅក្នុងផ្លែបឺរ ក៏ជួយរក្សាសំណើមនៃស្បែក, ពង្រឹងស្រទាប់ស្ដើងនៃស្បែក និងធ្វើឲ្យស្បែកមើលទៅស្រស់ស្អាតមានជីវិត។

៣. ត្រីសាលម៉ុន
ត្រីសាលម៉ុនមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ចំពោះបេះដូង និង ខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលល្អប្រសើរ ជួយក្នុងការគ្រប់គ្រងកម្រិត នៃអ័រម៉ូនផងដែរ។ ត្រីសាលម៉ុនមានផ្ទុកនូវអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលចាំបាច់ណាស់ក្នុងដំណើរការសំយោគកូឡេស្តេរ៉ូល និងអ័រម៉ូន។ លើសពីនេះទៅទៀតនោះ គឺការទទួលទានត្រីសាលម៉ុនអាចផ្ដល់ភាពធូរស្បើយចំពោះបញ្ហាជំងឺសើរស្បែកមួយចំនួនដូចជា រោគមុន និងជំងឺតាអក បានដោយត្រីនេះមានឥទ្ធិពលប្រយុទ្ធប្រឆាំងនឹងការរលាក ។

៤. ផ្នែកពណ៌លឿងនៃស៊ុត
ផ្នែកពណ៌លឿងនៃស៊ុត គឺមានផ្ទុកនូវប្រភេទកូឡេស្តេរ៉ូលដែលរាងកាយត្រូវការដើម្បីផលិតអ័រម៉ូន។ ហើយជាមួយនឹងការផលិតអ័រម៉ូននេះ ស្បែកនឹងប្រែជាកាន់តែទន់រលោងបែបធម្មជាតិ។ ដូច្នេះចូរព្យាយាមទទួលទានស៊ុតឲ្យបានមួយគ្រាប់ក្នុងមួយថ្ងៃ។

៥. ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវ គឺមានផ្ទុកនូវសមាសធាតុដែលជួយបង្កើនសមត្ថភាពរបស់ថ្លើមចំពោះការរំលាយអាហារនៃអរម៉ូនអ៊ឺស្រ្តូជែន។ ចំពោះមនុស្សស្រី អ័រម៉ូនអឺស្ត្រូសែន គឺចាំបាច់ណាស់ ក៏ព្រោះបង្កើនកម្រិតនៃស្រទាប់កូឡាជែន។ ស្រទាប់កូឡាជែន គឺជាអ្វីដែលអនុញ្ញាតឲ្យស្បែករក្សាបាននូវសុខភាពល្អ, រឹងមាំ ហើយតឹងណែន៕
ដោយ៖​ ហង្ស សុបញ្ញា

Most Popular

To Top