កីឡា

Pep ៖ ពិត​ណាស់​ ខ្ញុំ​ពិត​ជា​បារម្ភ​ សម្រាប់​ការ​​ចាក​ចេញ ​របស់​ Ederson

«វា​ជា​ការ​ពិត​ខ្ញុំ​ពិត​ជា​មាន​ការ​បារម្ភ​​ សម្រាប់​ការ​ចាកចេញ ​របស់​​អ្នក​​ចាំ​ទី Ederson Moraes គេ​ជា​កីឡាករ​ដ៏​សំខាន់​ក្នុង​ក្រុម​ យើង​ពិត​ជា​សំណាង​ដែល​មាន​គេ​ក្នុង​ក្រុម​»។ នេះ​ជា​ការ​លើក​​ឡើង ​របស់​លោក Pep Guardiola អ្នក​ចាត់​ការ​របស់​ក្រុម​មេឃ​ខៀវ Manchester City ។

គិត​​មកដល់់​ពេល​នេះ​មាន​ក្លឹប​ PSG និង ​ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ជា​ដើម បាន​ចាប់​អារម្មណ៍​ និង​កំពុង​តែ​តាម​ចែចូវ​នាំ​យក​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​ប្រេស៊ីល​ពី​ក្រុម​​​មេឃខៀវ​ Manchester City ប៉ុន្តែ​អ្វី​ៗ​ហាក់​មិន​ទាន់​បាន​សម្រេច​បើ​ទោះ​ជា​ក្លឹប​នៅ​​អារ៉ាប៊ីសាអ៊ូឌីត​បាន​អន្ទង​តាម​រយៈ​ការ​​ផ្ដល់​ថ្លៃ​ពលកម្ម​ខ្ពស់​​កប់​ពពក​ក៏​ដោយ​ ។ យ៉ាង​​​ណា​អ្នក​​ចាំ​ទី​របស់​ក្រុម​ជើង​​ឯក​ English Premier League 2023 ក៏​ហាក់​មាន​​ការ​ចាប់​អារម្មណ៍​ខ្លះ​​ៗ​ដែរ ​បើ​ទោះ​ជា​គេ​ស្ថិត​ ក្នុង​ជម្រើស​ដំបូង​​របស់​លោក​ Pep រហូត​មក​ក៏​ដោយ ​។

ការ​តាម​ប្រមាញ់​ពី​សំណាក់​ក្លឹប​​អ្នក​មាន​លុយ​ខាង​លើ​ អ្នក​ចាត់​ការ​របស់​មេឃ​ខៀវ​ លើក​ឡើង​ទៀត​ថា លោក​សង្ឃឹម​ថា​ Ederson នឹង​នៅ​តែ​សប្បាយ​ចិត្ត ​នៅ​​មេឃខៀវ​ដដែល ។ ​យ៉ាង​ណា​គ្មាន​អ្នក​ណា​ដឹង​ថា​នឹង​មាន​រឿង​​​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​បន្ទាប់​បាន​នៅ​ទេ​​ បើ​ទោះ​ជា​​ពេល​នេះ​គេ​​នៅ​​ជា​កីឡាករ​របស់ Manchester City ក៏​ដោយ​ ហើយ​ក៏​គ្មាន​អ្នក​ណា​ដឹង​ពី​ចិត្ត​កីឡាករ​នោះ​ដែរ​ថា​គេ​ចង់​ បន្ត​ឬ​ក៏​ចង់​ចាក​ចេញ​នោះ​។

​គួរ​បញ្ជាក់​ថា​កុង​ត្រា​របស់ Ederson Moraes នៅ​ដល់​ឆ្នាំ​២០២៦ ខណៈ​អ្នក​ចាំ​ទី​​ដៃ​ទី​២​របស់​​មេឃ​ខៀវ​បច្ចុប្បន្ន​​ Stefan Ortega ​មាន​​វ័យ​៣១​ឆ្នាំ​ទៅ​ហើយ ដូច្នេះ​វា​ច្បាស់​ណាស់​ប្រសិន​បើ​ Ederson ពិត​ជា​ចង់​ចាក​ចេញ​ទៅ​កាន់​កន្លែង​​ខ្លាញ់​មែន​ Manchester City នឹង​ត្រូវ​ស្វែង​រក​អ្នក​ចាំ​ទី​ម្នាក់​ទៀត​ មក​ជំនួស​កន្លែង​ដ៏​សំខាន់​នេះ​៕

Most Popular

To Top