កីឡា

រត់ប្រណាំង ក្រោមប្រធានបទរត់ដើម្បីអបអរសាទរ ដំណើរការអភិវឌ្ឍព្រែកជីកហ្វូណនតេជោ បានបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ អ្នករត់ប្រណាំងជាតិ និងអ្នករត់បរទេសចំនួន ៤០០០នាក់ បានចូលរួមរត់ប្រណាំងកម្សាន្តប្រកបដោយស្នាមញញឹមក្នុងទិវារត់ប្រណាំង AIA Pink Run នៅមុខសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញនៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រត់ដើម្បីអបអរសាទរដំណើរការអភិវឌ្ឍ ព្រែកជីកហ្វូណនតេជោ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងទប់ស្កាល់ជំងឺមហារីកសុដន់។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍ថា ព្រឹកនេះ NOCC បានរៀបចំទិវារត់ប្រណាំងកម្សាន្តដើម្បីសុខភាព ក្នុងគោលដៅបន្តការផ្សព្វផ្សាយដំណើរការវិវឌ្ឍន៍ នៃព្រែកជីកហ្វូណយតេជោ ដែលជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការបម្រើសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែល្អប្រសើរ និងឯករាជ្យនៃដំណើរការដឹកជញ្ជូនរបស់កម្ពុជាប្រកបដោយផលប្រយោជន៍ជាតិធំធេង។

លោកអគ្គលេខាធិការ បានបន្តថា យើងមិនភ្លេចទេ រាល់ព្រឹត្តិការណ៍របស់យើងតែងតែបញ្ជូលនូវខ្លឹមសារផ្សព្វផ្សាយជារៀងរហូត។ ដូច្នេះពីមួយឆ្នាំទៅមួយឆ្នាំ មួយរយៈពេល ទៅមួយរយៈពេល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែងតែរួមចំណែកការអនុវត្តនូវគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍រត់ប្រណាំងនេះទទួលបានការគាំទ្រពីអ្នករត់ប្រណាំងជិត ៤០០០នាក់ ដែលពួកគាត់មានភាពសប្បាយរីករាយ និងរត់ប្រណាំងដើម្បីថែរក្សាសុខភាពបានល្អ។ ការគាំទ្រទាំងអស់គ្នា ប្រមូលផ្តុំគ្នា ក្នុងស្មារតីសាមគ្គីភាពគ្នា និងជំរុញលើកទឹកចិត្តរបស់អ្នករត់ និងបណ្តាក្រុមហ៊ុននានា ដើម្បីគាំទ្របន្ថែមដល់រាជរដ្ឋាភិបាល នៅក្រោមសុខសន្តិភាពពេញបរិបូរណ៍របស់កម្ពុជា»។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា សកម្មភាពទាំងអស់នេះជាគោលការណ៍ដឹកនាំរបស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលតែងតែដាក់ចេញនូវគ្រប់ចលនាសង្គមទាំងអស់។ ក្នុងនាម NOCC ឯកឧត្តមបានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលតែងផ្តល់ការគាំទ្រដល់ចលនាកីឡា និងការឧបត្ថម្ភរបស់ក្រុមហ៊ុនឯកជន ព្រមទាំងដៃគូឧបត្ថម្ភទាំងអស់ ដែលជំរុញឱ្យការរៀបចំទិវារត់ប្រណាំងព្រឹកថ្ងៃអាទិត្យនេះទទួលបានជោគជ័យប្រកបដោយមោទនភាពទាំងអស់គ្នា៕

ដោយ៖ លី ភីលីព

Most Popular

To Top