កីឡា

កីឡាករបាល់ទាត់ លំដាប់ពិភពលោក Ronaldo រកបានប្រាក់ចំណូលច្រើន ជាង Messi និង Neymar

AFP

អាមេរិក ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo គ្រោងនឹងរកបានប្រាក់ចំណូល ២៨៥ លានដុល្លារអាមេរិកក្នុងអំឡុងឆ្នាំសារពើពន្ធ ២០២៣-២០២៤ ដែលច្រើនជាង Lionel Messi និង Neymar រួមបញ្ចូលគ្នាទៅទៀត ។

យោងតាមទស្សនាវដ្តី Forbe ថា កីឡាករ Ronaldo ទទួលបានប្រាក់ប្រហែល ២២០ លានដុល្លារពី Al Nassr រួមទាំងប្រាក់ខែ ប្រាក់រង្វាន់ និងកាតព្វកិច្ចផ្សព្វផ្សាយ។ លើសពីនេះ លោកទទួលបានប្រាក់ ៦៥ លានដុល្លារ ពីការបណ្តាក់ទុនអាជីវកម្ម។ នេះជាកំណត់ត្រាផ្ទាល់ខ្លួនថ្មីមួយ សម្រាប់លោក Ronaldo ដែលកើនលើសពីឆ្នាំមុនដល់ទៅ ២៦០ លានដុល្លារ ។ នេះធ្វើឲ្យលោកឈរ លើកំពូលតារាងកីឡាករបាល់ទាត់ រកចំណូលបានខ្ពស់បំផុតរបស់ទស្សនាវដ្ដី Forbes ជាលើកទី ៦ ក្នុងទសវត្សរ៍កន្លងទៅ ។

ចាប់តាំងពីទស្សនាវដ្តី Forbes បានចាប់ផ្តើមតាមដានប្រាក់ចំណូល របស់អត្តពលិកក្នុងឆ្នាំ ១៩៩០ មានតែអតីតអ្នកប្រដាល់ Floyd Mayweather ប៉ុណ្ណោះ ដែលលើសចំនួនសរុប បច្ចុប្បន្នរបស់លោក Ronaldo ដោយរកបានច្រើនជាង ២៨៥ លានដុល្លារក្នុងមួយឆ្នាំ ។

ក្នុងឆ្នាំ ២០២៤ លោក Ronaldo រកបានគ្រាប់បាល់ច្រើនជាង ៩០០ គ្រាប់ក្នុងអាជីពទាំងនៅក្លឹប និងកម្រិត អន្តរជាតិ ហើយបានក្លាយជាមនុស្សដំបូងគេ មានអ្នកតាមដានជាងមួយពាន់លាន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ នៅអាយុ ៣៩ ឆ្នាំ លោករក្សាការឧបត្ថម្ភជាមួយ Nike, Herbalife និង Whoop រួមជាមួយនឹងអាជីវកម្មម៉ាក CR7 របស់លោក រួមមានសណ្ឋាគារ គ្រឿងក្រអូប និងខោអាវទ្រនាប់ ។

លោក Messi ត្រូវបានគេនិយាយថា រកបានប្រហែល ១៣៥ លានដុល្លារ ដោយ ៦០ លានដុល្លារបានមកពីកិច្ចសន្យា របស់លោកជាមួយក្លឹបអាមេរិក Inter Miami តិចជាងមួយភាគបី នៃប្រាក់ខែរបស់លោក Ronaldo នៅ Al Nassr ។ ទោះជាយ៉ាងណាក៏ដោយ Messi រកបាន ៧៤ លានដុល្លារ ពីការបណ្តាក់ទុនផ្សេងទៀត ដែលខ្ពស់ជាងគូប្រជែង អាជីពរបស់លោក គឺលោក Ronaldo ។

កុងត្រារបស់ Messi ជាមួយ Inter Miami ដំណើរការរហូតដល់ឆ្នាំ ២០២៥ ជាមួយនឹងជម្រើស ក្នុងការបន្តរយៈពេលមួយឆ្នាំទៀត។ កីឡាករអាហ្សង់ទីនបានឈ្នះ ការប្រកួតWorld Cup 2022 ចាប់ដៃគូជាមួយម៉ាកសំខាន់ៗដូចជា Adidas, Apple TV និង Konami និងមានអ្នកតាមដាន Instagram ជាង ៥០០ លាននាក់ ។ កាលពីខែមុន លោកបានបើកដំណើរ ការក្រុមហ៊ុនផលិតផ្ទាល់ខ្លួនគឺ 525 Rosario ដាក់ឈ្មោះតាមស្រុកកំណើត ក្នុងប្រទេសអាហ្សង់ទីន ។

ទោះបីជាត្រូវអវត្តមាន ដោយសាររបួសក៏ដោយ Neymar នៅតែរកបាន ១១០ លានដុល្លារ រួមទាំងប្រាក់ខែ ៨០ លានដុល្លារពី Al Hilal និង ៣០ លានដុល្លារពីក្រៅបាល់ទាត់ ។ Neymar បានចូលរួមជាមួយក្រុម Al Hilal ខែសីហា ឆ្នាំ ២០២៣ តម្លៃផ្ទេរកំណត់ត្រា នៅប្រទេសអារ៉ាប៊ីសាអូឌីត ៩៨ លានដុល្លារ បានលេងត្រឹមតែ ៥ ប្រកួតប៉ុណ្ណោះ និងស៊ុតបញ្ចូលទីបានមួយគ្រាប់។

កិច្ចសន្យារបស់លោកមានរហូត ដល់រដូវក្តៅឆ្នាំ២០២៥ ។ កីឡាករប្រេស៊ីលមានអ្នកតាមដាន Instagram ជាង ២២៥ លាននាក់ បន្តផ្សព្វផ្សាយអ្នកឧបត្ថម្ភយូរអង្វែង របស់លោក រួមទាំង Puma និង Blaze Casino ៕

Most Popular

To Top