សុខភាព និង ផ្លូវភេទ

សាច់ និងស្ករ ផ្តល់គ្រោះថ្នាក់ ដល់មហារីកសុដន់

ការសិក្សាមួយដែលគេធ្វើឡើងចំពោះស្រ្តីជនជាតិចិន បានបង្ហាញនិន្នាការឆ្ពោះ ទៅរកការបរិភោគអាហារ បែបអ៊ឺរ៉ុបដែលសំបូរទៅដោយសាច់ និងអាហារដែលមានជាតិសារច្រើន ធ្វើឲ្យគ្រោះថ្នាក់ នៃមហារីកសុដន់កើនឡើងកាន់តែខ្ពស់។

ស្ត្រីជនជាតិចិនដែលអស់រដូវ បានទទួលទានអាហារ ដែលសម្បូរដោយសាច់ ម្សៅដំឡូង និងស្ករ មានប្របាបនៅក្នុងការ កើតជម្ងឺមហារីកសុដន់ច្រើន ជាងអ្នកដែលមិនបរិភោគអាហារចិនដែលភាគច្រើនមានត្រី សណ្តែកសៀង និងបន្លែរហូតដល់ទៅ២ដង។
នៅក្នុងការសិក្សានេះ អ្នកស្រាវជ្រាវជនជាតិចិន និង អាមេរិច បានសិក្សាលើស្ត្រីទាំងឡាយមានអាយុ ២៥ឆ្នាំ ដល់ ៦៤ឆ្នាំ ក្នុងទីក្រុងសៀងហៃ ដែលគេបានរកឃើញថា មានរោគមហារីកសុដន់ នៅក្នុងចន្លោះខែសីហា ឆ្នាំ ១៩៩៦ និង មិនា ឆ្នាំ១៩៩៨។

ទម្លាប់នៃការទទួលទានអាហារ របស់ស្ត្រីដែលមានមហារីកចំនួន ១.៦០២នាក់ ត្រូវបានគេប្រៀបធៀបជាមួយស្រ្តី ១.៥០០នាក់ទៀត ដែលមិនមានរោគនេះ។

អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលអស់រដូវ និងមានរូបរាងធាត់ជ្រុល ហើយបរិភោគអាហារបែបអ៊ឺរ៉ុប មានកំណើននៃការកកើតមហារីកសុដន់ ខណៈអាហារដែលមានសាច់ត្រី សណ្តែកសៀង និងបន្លែច្រើនមានទំនាក់ទនង ជាមួយជម្ងឺដ៏គ្រោះថ្នាក់សម្រាប់ស្ត្រីនេះឡើយ។

អ្នកស្រាវជ្រាវម្នាក់ឈ្មោះ ម៉ារីលីន សេង ដែលជាសមាជិកផ្នែកវិទ្យសាស្ត្រប្រជាជននៅមជ្ឈមណ្ឌលមហារីកហ៊្វកស៍ ឆេស ( Fox Chas Cancer Center) ក្នុងរដ្ឋហ្វ៊ីឡាដេហ្វៀ បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទិន្នន័យទាក់ទងទៅនឹងស្ត្រីនៅក្នុងទីក្រុងសៀងហៃបានផ្តល់នូវគំនិតដ៏ជាក់លាក់ សម្រាប់ពិនិត្យមើលស្រ្តីជនជាតិចិន ទាំងអស់ដែលកំពុងចាប់ផ្តើមទទួលទាន អាហារបែបអ៊ឺរ៉ុបកាន់តែច្រើនឡើង។

អ្នកស្រាវជ្រាវដដែលនេះបានអះអាងទៀតថា ការសិក្សារបស់យើងបានផ្តល់ជាយោបល់ថា ទម្លាប់បរិភោគអាហារសាច់ច្រើន និងស្ករច្រើន រួមជាមួយនឹងការធាត់ នឹងបង្កើនគ្រោះថ្នាក់ មហារីកសុដន់ ហើយការបរិភោគអាហារបែបអ៊ឺរ៉ុបតិចតួចបូកបន្ថែមជាមួយការគ្រប់គ្រងទម្ងន់បានល្អ អាចការពារប្រឆាំងនឹងជម្ងឺមហារីកសុដន់បាន។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top