កីឡា

វគ្គបំប៉នអាជ្ញាកណ្តាល និងចៅក្រមធ្វើឡើង ដើម្បីត្រៀមការ ប្រកួតកីឡាហែលទឹក ពាក់ជើងទា ជើងឯកអាស៊ី អាគ្នេយ៍លើកទី១ នៅកម្ពុជា

ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានបើកវគ្គបំប៉នអាជ្ញាកណ្តាល និងចៅក្រម កីឡាហែលទឹក ពាក់ជើងទាត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡាហែលទឹក ពាក់ជើងទា ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ (2024 1st CMAS South East Asian Finswimming Championships Indoor) ចាប់ពីថ្ងៃទី១ ដល់ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអាងហែលទឹក នៃពុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ប្រទេសកម្ពុជា ខាងមុខនេះ ។

លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡា ហែលទឹកបានប្រាប់ឲ្យដឹងថា ថ្ងៃនេះបានបើកវគ្គបំប៉ន ដល់មន្រ្តីរបស់សហព័ន្ធខ្មែរ កីឡាហែលទឹក ទំាងអស់ ពួគគាត់ចេះដឹងពីអំពីច្បាប់ ការប្រកួតហើយ វគ្គបំប៉ននេះធ្វើឡើង ដើម្បីពង្រឹងសមត្ថភាព បន្ថែមទៀតនូវចំណុចខ្វះខាត និងចំណុចត្រូវបំពេញ ក៏ដូចជាការរម្លឹកឡើងវិញ។ មន្រ្តីរបស់សហព័ន្ធធ្លាប់ បានដឹកនាំការប្រកួតកីឡា SEA GAME លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាកន្លងទៅនេះ ទទួលបានជោគជ័យ ហើយ ប៉ុន្តែរយៈ ពេលជាងមួយឆ្នាំ ដែលពួកគាត់មិន ដែលបានរម្លឹក ទើបលោកសម្រេចរៀបចំ វគ្គបំប៉នតែម្តង ។

អគ្គលេខាធិការបានបន្តថា ការប្រកួតនេះសហព័ន្ធបានពង្រឹងបន្ថែមសមត្ថភាព ដោយសារសហព័ន្ធបានបញ្ជូនមន្រ្តី ២ រូបទៅចូលរួមវគ្គបណ្តុះបណ្តាល គណៈកម្មការបច្ចេកទេស ផ្នែកកីឡាហែលទឹក ជើងទា នៅខេត្តភូកេត ប្រទេសថៃ ដែលមានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៤ គឺលោក ឆោម ចាន់ថន និងលោក ហែម ថុនពន្លឺ។ វគ្គ និងការប្រកួតនេះរៀបចំដោយសហព័ន្ធផ្ទាល់ទទួលបានការគាំទ្រពីថ្នាក់ដឹកនាំសហព័ន្ធ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកតែម្តង។
បន្ទាប់ពីទទួលបានគោលការណ៍ អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា សហព័ន្ធខ្មែរកីឡាហែលទឹក នឹងទទួលរៀបចំ កម្មវិធីការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៤ ដែលមានរយៈពេល ៤ ចាប់ពីថ្ងៃទី១ ដល់ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ កម្ពុជាដាក់គ្រូបង្វឹក គ្រូជំនួយ និង់ក្រុមកីឡាករ-កីឡាការិនីកីឡា ហែលទឹកពាក់ជើង ទាចំនួន១៤ នាក់ ក្នុងនោះគ្រូបង្វឹក ១ គ្រូជំនួយ ២ កីឡាករ ៦ នាក់ និងកីឡាការិនី ៥ នាក់ ដើម្បីដណ្តើមមេដាយជូនប្រទេសជាតិ ។

លោកបានបន្តថា គិតមកដល់ថ្ងៃនេះមានប្រទេសចំនួន ៦ និងកម្ពុជា យើងបាន ៧ ប្រទេសចុះឈ្មោះចូលរួមជាផ្លូវការហើយ រួមមានប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសហ្វីលីពីន ប្រទេសិង្ហបុរី ប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះការប្រកួត ។

Most Popular

To Top