ព័ត៌មានអន្តរជាតិ

ម្ចាស់ហាងខារ៉ាអូខេ ជាប់គុក៨ឆ្នាំ ពីបទរំលោភ លើច្បាប់សុវត្ថិភាព អគ្គីភ័យ បង្កអគ្គិភ័យឆាបឆេះ ហាងខារ៉ាអូខេ នៅវៀតណាម សម្លាប់មនុស្ស៣២នាក់ កាលឆ្នាំ២០២២

VN Express

វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ម្ចាស់ហាងខារ៉ាអូខេមួយកន្លែង នៅខេត្ត Binh Duong ភាគខាងត្បូង ប្រទេសវៀតណាម ជាកន្លែងដែលអគ្គិភ័យ បានឆក់យកជីវិតមនុស្ស ៣២ នាក់កាលឆ្នាំ ២០២២ ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំកាលពីថ្ងៃពុធពីបទរំលោភលើច្បាប់ សុវត្ថិភាពអគ្គីភ័យ ។

លោក Le Anh Xuan ម្ចាស់ហាងខារ៉ាអូខេ An Phu បានទទួលការកាត់ទោសពីតុលាការប្រជាជន Binh Duong។ តុលាការក៏បានកាត់ទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ៧ឆ្នាំ ៦ខែ ដល់អតីតមន្ត្រីនគរបាលពន្លត់អគ្គីភ័យ ៤ នាក់៖ លោក Pham Quoc Hung លោក Vu Truong Son និង Pham Thi Hong ព្រមទាំងនាយកក្រុមហ៊ុន Thai Binh លោក Nguyen Thanh Luan ។ ពួកគេត្រូវបានកាត់ទោសពីបទចោទដូចគ្នា។

លោក Nguyen Van Vo អតីតប្រធានក្រុមប៉ូលិសពន្លត់អគ្គីភ័យនៃខេត្ត Binh Duong ទីក្រុង Thuan An ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំពីបទធ្វេសប្រហែសដែលនាំឲ្យមានលទ្ធផលធ្ងន់ធ្ងរបែបនេះ។

យោងតាមព្រះរាជអាជ្ញា បាននិយាយថា លោក Xuan បានបរាជ័យក្នុងការត្រួតពិនិត្យ និងថែទាំប្រព័ន្ធសុវត្ថិភាព អគ្គីភ័យរបស់បន្ទប់ជួលជាប្រចាំ។លោក Son លោក Hung និងលោក Vo ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងវាយតម្លៃស្តង់ដារ សុវត្ថិភាពរបស់រោងចក្រនោះ បានធ្វេសប្រហែស ភារកិច្ចរបស់ពួកគេ ហើយបានអនុញ្ញាត ឲ្យហាងនេះដំណើរ ការដោយមិនគោរព តាមបទប្បញ្ញត្តិសុវត្ថិភាពចាំបាច់ ដែលនាំឲ្យភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។

អគ្គិភ័យបានឆាបឆេះ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២២ ដោយសារទុស្សេខ្សែភ្លើងនៅជាន់ទី២ នៃហាងខារ៉ាអូខេហើយ បានរីករាលដាល យ៉ាងឆាប់រហ័សពាសពេញ អគារដែលមានអតិថិជន និងបុគ្គលិកប្រហែល ៦០ នាក់ នៅខាងក្នុងនៅពេលនោះ ។

ក្រុមអ្នកពន្លត់អគ្គីភ័យ បាននាំយកភ្លើង មកគ្រប់គ្រងបន្ទាប់ពីជិតមួយថ្ងៃ ប៉ុន្តែមនុស្ស ៣២ នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍នេះ៕

Most Popular

To Top