មីយ៉ាន់ម៉ា ៖ ប្រធាន Miss Grand International លោក Nawat Itsaragrisil បានចោទប្រកាន់លោក Htoo Ant Lwin នាយក Miss Grand មីយ៉ាន់ម៉ាថា លោកបានបង្ខិតបង្ខំម្ចាស់ក្សត្រីសម្រស់ កញ្ញា Thae Su Nyein ឲ្យបោះបង់តំណែងជើងឯករងទី២នៃកម្មវិធីMiss Grand International របស់នាង យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
យោងតាម Nawat បានប្រាប់ឲ្យដឹងថា សកម្មភាពនេះត្រូវបានធ្វើដើម្បីរារាំងនាងពីការចុះកិច្ចសន្យាជាមួយ MGI ដែលធ្វើឲ្យ Htoo Ant Lwin រក្សាការគ្រប់គ្រង និងប្រាក់ចំណេញពីកេរ្តិ៍ឈ្មោះរបស់នាង ក្នុងប្រទេសមីយ៉ាន់ម៉ា។ លោក Nawat បានបន្ថែមថា Miss Grand Myanmar 2023 គឺនាង Ni Ni Lin Eain ធ្លាប់បានរាយការណ៍ពីអាកប្បកិរិយាបង្ខិតបង្ខំស្រដៀងគ្នាដោយ Htoo Ant Lwin ក្នុងរជ្ជកាលរបស់នាង។
នាងបានប្រាប់លោក Nawat ថា លោក Htoo Ant Lwin មិនបានផ្តល់ការឧបត្ថម្ភដល់ខ្ញុំទេ គ្រួសាររបស់ខ្ញុំបានរ៉ាប់រងរាល់ការចំណាយសម្រាប់ការប្រកួត។ វិភាគទានតែមួយគត់របស់លោក គឺផ្តល់សម្លៀកបំពាក់ល្ងាចមួយសម្រាប់ព្រឹត្តិការណ៍ចុងក្រោយ ហើយលោកបានណែនាំខ្ញុំឲ្យស្គាល់បុរសមួយចំនួន លោកថែមទាំងបានស្នើសុំឲ្យខ្ញុំប្រើប្រាស់ផ្នែកមួយនៃប្រាក់រង្វាន់រងលេខមួយរបស់ខ្ញុំ ដើម្បីបង់ថ្លៃអាជ្ញាប័ណ្ណ Miss Grand។
លោក Nawat បានបង្ហាញបន្ថែមទៀតថា លោក Htoo Ant Lwin មិនបានបង់ថ្លៃធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ Miss Grand International ឆ្នាំ ២០២៤ គ្រោងនឹងប្រារព្ធធ្វើឡើងនៅមីយ៉ាន់ម៉ាដំបូងឡើយ ។ នេះបានបង្ខំឲ្យអង្គការប្តូរទីតាំងព្រឹត្តិការណ៍នេះទៅកន្លែងផ្សេង។
ជាការឆ្លើយតបកាលពីថ្ងៃទី ២៨ ខែតុលា លោក Htoo Ant Lwin បានបង្ហោះក្នុង TikTok ក្នុងការផ្សាយផ្ទាល់ ដោយសម្តែងការសោកស្តាយ ចំពោះការយល់ច្រលំដែលបានកើតឡើង។ លោក Htoo Ant Lwin ជា Mister Supranational Myanmar 2017 ហើយបច្ចុប្បន្នមានអាយុ ២៩ ឆ្នាំ បច្ចុប្បន្នស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ៕