យោងតាមទីភ្នាក់ងារព័ត៌មាន វិទ្យាសាស្រ្តចេញផ្សាយ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០១៦ បានឲ្យដឹងថា ការសិក្សា ស្រាវជ្រាវថ្មី របស់ក្រុមអ្នកវិទ្យាសាស្រ្ត នៅភាគខាងត្បូងប្រទេសអ៊ីតាលី បានរកឃើញ រូងភ្នំដ៏ចម្លែកមួយ ដែលត្រូវបានគេហៅថា Grotta Paglicci។
រូងភ្នំដ៏ចម្លែកនេះបានបង្ហាញ ឲ្យក្រុមអ្នកវិទ្យាសាស្រ្ត បានដឹងអំពីស្ថានភាពរស់នៅរបស់ប្រជាជនកាលពី ៣២.០០០ ឆ្នាំមុន ដែលជាសម័យបរបាញ់សត្វ និងដំនំាធ្វើជាអាហារ ។ ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញភស្តុតាង ដ៏សំខាន់មួយ នៃគ្រាប់ស្រូវ សាលីស្ថិតនៅក្នុងត្បាល់ថ្ម នៅក្នុងរូងភ្នំនោះ ដែលបញ្ជាក់ឲ្យឃើញថា ប្រជាជននាសម័យនោះ ក៏មានស្រូវសាលីធ្វើជាអាហារផងដែរ ។
មិនត្រឹមតែប៉ុណ្ណោះ រូងភ្នំបានបង្ហាញឲ្យឃើញ នូវរូបភាពជាច្រើនផ្ទាំង នៅតាមជញ្ជាំងដែលនៅក្នុងនោះរួមមាន ចម្លាក់សេះ រូបភាពនៃការបញ្ចុះសាកសព របស់មនុស្សនាសម័យនោះ ព្រមទាំងឧបករណ៏ប្រើប្រាស់ ដែលធ្វើអំពីថ្ម និងឆ្អឹងសត្វនា សម័យនោះផងដែរ ។
ដោយឡែក ភស្តុតាងនៃគ្រាប់ស្រូវសាលី ដែលបានបន្សុលទុក នៅក្នុងត្បាល់ថ្មនៃរូងភ្នំ បានបង្ហាញឃើញយ៉ាងច្បាស់ថា ស្រូវសាលីត្រូវបានក្រុមបុព្វ បុរសធ្វើការដាំដុះតាំងពីយូលង់ណាស់មកហើយ មុនពេលបច្ចេកវិទ្យាជឿនលឿន នៃវិស័យកសិកម្មទៅទៀត។
ដោយ ៖ ហង្ស សុបញ្ញា