ភ្នំពេញ ៖ ក្រុមកីឡាក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស ៩ គ្រឿងលើ១៦ វិញ្ញាសានៃការប្រកួតកីឡា ចំបាប់ ខណៈខេត្តកណ្តាល បានត្រឹមមេដាយមាស ២ គ្រឿង សម្រាប់ពឹត្តិការណ៍ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិ ជនពិការលើកទី២ នៅសាលហ្វឹកហាត់ ដំបូលទូកសហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក ។
ក្នុងឱកាសពិពីបិទ កីឡាចំបាប់ជាផ្លូវការ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកព្រឹទ្ធាចារ្យ ស៊ឹម ទូច តំណាងឲ្យលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកី ឡាចំបាប់កម្ពុជា លោកព្រឹទ្ធាចារ្យ ហុក ឈានគីម អនុប្រធាន សហព័ន្ធ កីឡាចំបាប់កម្ពុជា និងប្រធាន អនុប្រធាន ការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាទំាង៦ រាជធានីខេត្ត និងក្រសួង។
ក្រុមកីឡាចំបាប់ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ៩ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង តាមពីក្រោយក្រសួងមហាផ្ទៃ ក្រុមកីឡាចំបាប់ខេត្តកំពង់ឆ្នាំដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និងក្រុមកីឡាចំបាប់ខេត្តកណ្តាល ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង។
ចំណែកក្រុមកីឡាចំបាប់ខេត្តព្រៃវែង ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៦ គ្រឿង ក្រុមកីឡាចំបាប់ខេត្តមណ្ឌលគិរី ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ៧ គ្រឿង និងក្រុមកីឡាចំបាប់ខេត្តពោធិ៍សាត់ ដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៦ គ្រឿង៕