តើអ្នកធ្លាប់ឆ្ងល់ទេថា ខួរក្បាលរបស់អ្នកទទួលដំណឹងដោយរបៀបណា ដែលធ្វើឲ្យយើងមានអារម្មណ៍ថាឃ្លាន?
ការឃ្លានគ្មានអ្វីដែលទាក់ទងជាមួយនឹងក្រពះ ដូចដែលមនុស្សភាគច្រើនធ្លាប់បានគិតនោះឡើយ។ ផ្ទុយទៅវិញ ភាពស្រេកឃ្លានចាប់ផ្តើមនៅពេលដែលចំណី អាហារមួយចំនួនបានបាត់បង់នៅក្នុងឈាម។ នៅពេលដែលសសៃឈាមខ្វះសារធាតុទាំងនេះ វានឹងបញ្ជួនដំណឹងទៅកាន់ផ្នែកមួយនៃខួរក្បាលដែលត្រូវបានហៅថា មជ្ឈមណ្ឌលឃ្លាន។
មជ្ឈមណ្ឌលឃ្លាន ប្រៀបបានដូចជាហ្វ្រាំងមួយនៅលើក្រពះ និងពោះវៀន។ នៅពេលដែលអាហារបាត់បង់ពីឈាម មជ្ឈមណ្ឌលឃ្លាននឹងធ្វើឲ្យក្រពះ និងពោះវៀនកាន់តែមានសកម្មភាព។ ដូច្នេះហើយ ពេលឃ្លានអាហារជារឿយៗ យើងលឺសូរសំឡេងគ្រូកៗនៅក្នុងក្រពះ។
ជាមួយគ្នានេះដែរ នៅពេលដែលយើងឃ្លាន រាងកាយរបស់យើងមិនចង់បានអាហារពិសេសណាមួយទេ វាគ្រាន់តែចង់បានអាហារដែលធ្វើឲ្យមានការលូតលាស់តែប៉ុណ្ណោះ។ វាពឹងផ្អែកទៅលើបុគ្គលនីមួយៗថាតើយើងអាចទ្រាំបានប៉ុណ្ណាប្រសិនបើគ្មានអាហារចូលក្រពះ។
ដោយ៖ ហង្ស សុបញ្ញា