កីឡា

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖កីឡាជាតិធ្វើឡើងដើម្បីវាស់ស្ទង់បច្ចេកទេស និងសមត្ថភាពក្រុមអត្តពលិកត្រៀមជ្រើសរើស ចូលក្រុមជម្រើសជាតិ និងត្រៀម SEA GEAM 2025 នៅថៃ

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូនាល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិពីបិទការប្រកួតកីឡាតេក្វាន់ដូWT ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ នៅអាគារប៊ូយ៉ុង-ខ្មែរ ហ្វឹកហាត់ដំបូលទូកសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

សម្រាប់ពិធិបិទជាផ្លូវការក៏មានការអមដំណើរដោយលោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធតេក្វាន់ដូ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ហួត សេងទ្រី ប្រធាននាយកព្រឹត្តិការណ៍ និងសិ្ថតិ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងអ្នកតំណាងឲ្យក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ព្រមទាំងគណៈប្រតិភូមន្ទីរអប់រំយុវជន និងកីឡារាជធានី-ខេត្ត។

លោកបណ្ឌិត ជ្រិន សុធា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាតេក្វាន់ដូWT ក្នុងការប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលហ្វឹកហាត់កីឡាតេក្វាន់ដូប៊ូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ក្រសួង-មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ចូលរួមសរុបចំនួន ១៨ ។ ការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ប្រភេទកីឡាតេក្វាន់ដូWT ដំណើរការប្រកបដោយភាពជោគជ័យ និងប្រព្រឹត្តទៅដោយរលូន ដោយរក្សាបាននូវសុវត្ថិភាព-សុខភាពដល់អ្នកចូលរួម និងសូមថ្លែងអំណរគុណផងដែរដល់គ្រូបង្វឹក កីឡាករ កីឡាការិនី ទាំងអស់ ដែលបានគោរពនូវបទបញ្ជាប្រកួត បានល្អប្រសើរ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ការប្រកួតកីឡាជាតិលើកទី៤ គឺជាការយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យកីឡារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះខេមរសហព័ន្ធតេក្វាន់ដូ បានចូលរួមរៀបចំកម្មវិធីប្រកួតកីឡាជាតិ លើកទី៤នេះផងដែរ ដើម្បីវាស់ស្ទង់បច្ចេកទេស និងសមត្ថភាព របស់ក្រុមកីឡាករ កីឡាការិនីត្រៀមជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ ដើម្បីហ្វឹកហាត់ត្រៀមឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលធ្វើនៅព្រះរាជាណាចក្រថៃ។

លោករដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា តាមរបាយការណ៍ របស់គណៈកម្មការរៀបចំការប្រកួត ឃើញថាប្អូនៗកីឡាករ-កីឡាការិនីទាំងអស់ ខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យជំនះ នាពេលនេះ។ ហើយខ្ញុំ សង្ឃឹមថា ប្អូនៗកីឡាករ កីឡាការិនី ដែលពុំទទួលបានជ័យលាភីនៅលើនេះ កុំអស់សង្ឃឹមឡើយសូមត្រៀមខ្លួន សម្រាប់ការប្រកួតលើកក្រោយទៀត.ទន្ទឹមនឹងនេះ ខ្ញុំសូមផ្តាំផ្ញើដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ សូមគោរព តាមការណែនាំរបស់គណៈកម្មការប្រកួត ដើម្បីរក្សាបាននូវគោលការណ៍ Fair Play រួមទាំងជួយផ្សព្វផ្សាយប្រភេទកីឡាតេក្វាន់ដូWT ឱ្យបានទូលំទូលាយ ទូទាំងប្រទេស ក៏ជាការរួមចំណែកជួយ ផ្សព្វផ្សាយនូវពាក្យស្លោក៖«មនុស្សម្នាក់ ត្រូវលេងកីឡាមួយមុខ ប្រចាំជីវិត» និង«កីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព »៕

ដោយ៖ លី ភីលីព

Most Popular

To Top