ZAGREB៖ លោក Tonci Glavina រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសក្រូអាត បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសក្រូអាត បានកត់ត្រានូវចំនួនភ្ញៀវទេសចរចំនួន២០,៥លាននាក់ និងការស្នាក់នៅ១យប់ចំនួន១០៦.៦លាននាក់ គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែតុលា ដែលជាការកើនឡើងចំនួន៣ភាគរយនៃការមកដល់ និងការស្នាក់នៅ១យប់កើនឡើងចំនួន១ភាគរយធៀបនឹងឆ្នាំមុន។
លោក Glavina បានលើកឡើងថា នៅក្នុងខែតុលាតែមួយខែប៉ុណ្ណោះ បានដឹងពីការមកដល់ចំនួន១,២ លាននាក់ និងការស្នាក់នៅ១យប់ចំនួន៣,៩លាននាក់ ដែលជាកំណើនដល់ទៅ៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងកំណត់ត្រាទាំង២ ។
លោករដ្ឋមន្ត្រីបានលើកឡើងថា តួលេខទេសចរណ៍ខ្លាំងនៅក្នុងរដូវបិទរដូវកាលបង្ហាញពីការអំពាវនាវរបស់ប្រទេសក្រូអាត ជាទិសដៅពេញមួយឆ្នាំ ។ លោកបានលើកឡើងទៀតថា “យើងកំពុងធ្វើការយ៉ាងសកម្មលើកំណែទម្រង់ដ៏ទូលំទូលាយមួយ ដើម្បីធានាបាននូវភាពជោគជ័យស្រដៀងគ្នានាពេលអនាគត” ។
ទិន្នន័យពីប្រព័ន្ធ eVisitor របស់ប្រទេសក្រូអាត បានបង្ហាញឲ្យដឹងថា ចំនួននៃការស្នាក់នៅពេលយប់ច្រើនជាងគេ គឺមកពីអ្នកទេសចរមកពីប្រទេសអាល្លឺម៉ង់ចំនួន២២,២លាននាក់ ក្រូអាតចំនួន១២,៦ លាននាក់ និងស្លូវេនៀចំនួន១០,៧លាននាក់ ។
បើយោងតាមធនាគារជាតិក្រូអាត បានឱ្យដឹងថា ប្រាក់ចំណូលពីវិស័យទេសចរណ៍របស់ប្រទេសក្រូអាតដែលស្មើនឹង១/៥នៃសេដ្ឋកិច្ចជាតិ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់១៥,២ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល១៦,៥៤ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា