រុស្ស៊ី ៖ លោក Konstantin Ernst ជាប្រធានប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ី Channel One បាននិយាយថា ការបង្កើតទូរស័ព្ទ iPhone បានធ្វើឲ្យនាយកប្រតិបត្តិ Apple ចុងលោក Steve Jobs ស្ថិតក្នុងប្រភេទមនុស្សដូចគ្នាទៅនឹងមេដឹកនាំផ្តាច់ការណាស៊ី លោក Adolf Hitler យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
លោក Ernst ជាវាគ្មិនម្នាក់នៅក្នុងសន្និសីទស្តីពីអនាគតនៃមនុស្សជាតិនៅទីក្រុងមូស្គូ ដែលរៀបចំដោយរដ្ឋាភិបាលរុស្ស៊ីក្នុងទិវាឯកភាពជាតិ។ លោក Ernst បាននិយាយក្នុងព្រឹត្តិការណ៍ ‘Creating the Future’ កាលពីល្ងាចថ្ងៃចន្ទថា សម្រាប់ខ្ញុំផ្ទាល់ លោក Steve Jobs គឺនៅទីនោះស្របនឹង Adolf Hitler ទោះបីជាហ៊ីត្លែរនៅជួរមុខក៏ដោយ។
លោក Jobs ជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple និងជាកម្លាំងជំរុញនៅពីក្រោយការច្នៃប្រឌិតស្មាតហ្វូន។ iPhone ដំបូងត្រូវបានដាក់បង្ហាញនៅខែមករា ឆ្នាំ ២០០៧ ហើយបានវាយលុកទីផ្សារនៅឆ្នាំនោះ។
លោក Ernst បាននិយាយក្នុងអំឡុងពេលពិភាក្សាជាក្រុមថា ខ្ញុំគិតថា iPhone ជាវត្ថុដែលបង្កគ្រោះថ្នាក់ និងអាក្រក់បំផុតសម្រាប់មនុស្សជាតិ ហើយវាបានបំផ្លាញពិភពលោកនៃទំនាក់ទំនងរបស់មនុស្ស ។
លោក Ernst បានអះអាងថា មនុស្សលែងទៅលេងឪពុកម្តាយ របស់ពួកគេហើយ ប៉ុន្តែចូលចិត្តហៅពួកគេជំនួសវិញ។ អ្នកក៏កាត់បន្ថយការប្រាស្រ័យ ទាក់ទងជាមួយមិត្តភ័ក្តិរបស់អ្នកក្នុងការហៅទូរសព្ទ ហើយបន្ទាប់មកផ្ញើសារ ពីព្រោះការហៅទូរស័ព្ទគឺ មិនអាចទទួលយកបានតាមវប្បធម៌រួចទៅហើយ។ រឿងដដែលនេះកើតឡើងជាមួយកុមារ ៕