ភ្នំពេញ៖ លោក បេងហុង សុជាតិសិលា អនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាតំណាងឲ្យលោកសន្តិបណ្ឌិត ប្រធាន គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធ និងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ និងកីឡាជាតិជានពិការ លើកទី២ (the 4th National Gams and the 2nd National Para Games) ឆ្នាំ២០២៤នេះ ទីលានហ្វឹកហាត់សហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោក ហេង សុខជាតិ អគ្គលេខាធិការរង នៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបាននិយាយថា ឆ្លងតាមការប្រកួតអស់រយៈពេល ៥ថ្ងៃ ដោយឈរលើស្មារតីចេះអធ្យាស្រ័យគ្នាទៅវិញទៅមក មិត្តភាព សាមគ្គីភាព បានប្រកាន់ខ្ជាប់ នូវគោលការណ៍បទបញ្ញាតិ និងគោលការណ៍បច្ចេកទេសក្នុងការប្រកួត ធ្វើឱ្យការប្រកួតទទួលបាន ជោគជ័យ។
ក្នុងរយៈពេល ៥ថ្ងៃកន្លងមក កីឡាករ ប្រតិភូរាជធានី គោរពបានការប្រកួតជាលក្ខណៈស្របតាមបទបញ្ជា ការប្រកួត និងមានចិត្តសប្បាយរីករាយ ក្នុងការប្រកួតរវាងអង្គភាពមួយទៅអង្គភាពមួយ ខេត្តមួយទៅខេត្តមួយ ក្នុងភាពសាមគ្គីគ្នាបានយ៉ាងល្អប្រសើរ បង្កភាពរលូនក្នុងការប្រកួតរហូតដល់ថ្ងៃបិទកម្មវិធី។
អគ្គលេខាធិការរងបានបន្តថា តាងនាមមន្ត្រីលេខាធិការដ្ឋានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា កីឡាករ និងរូបខ្ញុំផ្ទាល់ សូម ថ្លែងអំណរគុណ ចំពោះលោកប្រធាន លោកអនុប្រធាន និងសមាជិកប្រតិបត្តិសហព័ន្ធ និង ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិក តែងតែជួយឧបត្ថម្ភថវិកាគាំទ្រលើកទឹកចិត្តជា ប្រចាំដល់ពួកយើងខ្ញុំ ក្នុងការអនុវត្តន៍ការងារព្រមទាំងការហ្វឹកហាត់ ដើម្បីឈានឆ្ពោះទៅ ASIAN YOUTH GAMES ឆ្នាំ ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
ក្រុមកីឡាក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាក្រសួងការពារជាតិ ដណ្តើមបានមេដាយមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងក្រុមកីឡាខេត្តព្រះសីហនុណ្តើមមេដាយមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង៕
ដោយ៖ លី ភីលីព