ហុងកុង៖ថ្មីៗនេះ តារាសម្តែងហុងកុង លោក Chow Yun Fat ហៅអាចែ បានចែករម្លែកថា លោកជៀសវាង ការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងមិនបានតាមដានព័ត៌មានថ្មីៗនោះទេ ដោយសារលោកនៅតែពឹងផ្អែកលើទូរស័ព្ទ Nokia ចាស់ដោយគ្មានការប្រើប្រាស់ប្រព័ន្ធ អ៊ីនធើណេតឡើង។
យោងតាម Eastweek បានឲ្យដឹងថា តារាសម្តែងវ័យ ៦៩ ឆ្នាំរូបនេះ បានបង្ហាញខ្លួន ដ៏កម្រក្នុងព្រឹត្តិការណ៍ ម៉ូដមួយ នៅទីក្រុងហុងកុងកាលពីល្ងាចថ្ងៃអង្គារ ជាកន្លែងដែលលោក បានចូលរួមជាមួយតារារ៉េប កូរ៉េខាងត្បូង G-Dragon តារាសម្តែង Carina Lau និងតារាសម្តែង Stephen Fung ។
លោក Chow បាននិយាយថា លោកបានឃើញ G-Dragon ចុងក្រោយក្នុងកម្មវិធី MAMA Music Awards 2016 ហើយបាននិយាយបែបកំប្លែងថា ខ្ញុំនឹងត្រូវ ថតរូបជាមួយ គាត់នៅយប់នេះ។ នៅពេលអ្នកសារព័ត៌មាន ស្នើឲ្យលោកបង្ហោះ រូបថត នៅលើអ៊ីនធើណេត លោក Chow បានឆ្លើយតបថា លោកមិនមាន Instagram ឬគណនីប្រព័ន្ធផ្សព្វផ្សាយ សង្គមណាមួយទេ ដោយសារលោកនៅតែប្រើទូរស័ព្ទ Nokia ចាស់។
ដោយត្រៀមខ្លួន សម្រាប់ការ រត់ម៉ារ៉ាតុងនៅខែវិច្ឆិកានេះ លោក Chow បានបង្ហើបថា លោករត់ពី ៨ ទៅ ១០ គីឡូម៉ែត្រជារៀង រាល់ថ្ងៃ ដោយជ្រើសរើសតំបន់ស្ងាត់ៗ ដើម្បីចៀសវាង ការចាប់អារម្មណ៍ពីអ្នកគាំទ្រ។ លោកបានរៀបរាប់ ពីករណីជាច្រើន នៅពេលអ្នកគាំទ្រ ចែករម្លែកទីតាំង ដែលកំពុងរត់របស់លោក ទាក់ទាញហ្វូងមនុស្ស ហើយបានសុំឲ្យ ពួកគេជៀសវាងពីការបង្ហោះកន្លែងលាក់ខ្លួនរបស់លោក ដោយសារលោកមើលទៅ “បែកញើស និងគួរឲ្យខ្លាច” អំឡុងពេលលោករត់។
ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ លោក Chow បានដើរថយក្រោយយ៉ាងច្រើនពីការសម្ដែង ដោយបង្ហាញខ្លួន ជាសាធារណៈម្ដងម្កាល។ ពេលខ្លះអ្នកគាំទ្រឃើញ គាត់ដើរលេង ឬនៅភោជនីយដ្ឋានក្នុងស្រុក ហើយរបៀបរស់នៅ សកម្មរបស់លោកបានបំផុស គំនិតមិត្តរួមការងារមួយចំនួន រួមមាន Carina Lau, Felix Wong និង Michael Miu ៕
