សាកលវិទ្យាល័យ Santo Tomas ជាសាកលវិទ្យាល័យ ដែលចំណាស់ជាងគេនៅក្នុងទ្វីបអាស៊ី។ សាកលវិទ្យាល័យនេះស្ថិតនៅក្នុងប្រទេសហ្វីលីពីន ហើយត្រូវបានបង្កើតឡើងនៅឆ្នាំ ១៦១១។ សាកលវិទ្យាល័យមួយនេះ មានប្រវត្តិជាច្រើនពាក់ព័ន្ធនឹង សាសនាគ្រិស្តកាតូលិក សម្ដេចប៉ាប និងព្រះរាជាអេស្ប៉ាញ ។
មុនដំបូងឡើយ អាចារ្យកាតូលិកនៃទីក្រុងម៉ានីល Miguel de Benavides បានចំណាយថវិកាផ្ទាល់ខ្លួនដើម្បី បង្កើតជាថ្នាក់សម្រាប់បួសយុវជន ឲ្យក្លាយជាបព្វជិតនៃសាសនាគ្រិស្ត។ លុះនៅឆ្នាំ១៦១១ ទើបថ្នាក់នេះ លេចចេញជារូបរាងមហាវិទ្យាល័យ។ សម្ដេចប៉ាប Innocent X បានដំឡើងថ្នាក់ឲ្យទៅជា សាកលវិទ្យាល័យ នៅឆ្នាំ១៦៤៥។ លុះក្រោយមកទៀត ក៏ប្រទានងារជា “សាកលវិទ្យាល័យសាសនា” ហើយក៏ប្រទានងារជា “សាកលវិទ្យាល័យកាតូលិកនៃហ្វីលីពីន”។
យ៉ាងណាមិញ នៅឆ្នាំ១៦៨០ សាកលវិទ្យាល័យនេះត្រូវបានដាក់ក្រោមការគ្រប់គ្រងដោយផ្ទាល់ដោយខ្សែរាជវង្សអេស្ប៉ាញ។ ឆ្នាំ១៧៨៥ ព្រះរាជាអេស្ប៉ាញក៏ប្រទានងារជា “សាកលវិទ្យាល័យភូមិន្ទ” ចំពោះគុណបំណាច់សាលានេះក្នុងការប្រឆាំងនឹងការឈ្លានពានរបស់អង់គ្លេស។
សាកលវិទ្យាល័យ Santo Tomas នៅឆ្នាំ១៩៤៥
វត្តមានជាង ៤០០ឆ្នាំ សាកលវិទ្យាល័យ Santo Tomas បិទទ្វារតែ ២ដងប៉ុណ្ណោះគឺ នៅឆ្នាំ១៨៨៨-១៨៨៩ ដោយសារតែបដិវត្តន៍ហ្វីលីពីន ប្រឆាំងនឹងអេស្ប៉ាញ និងអំឡុងសង្គ្រាមលោកលើកទី២ ពេលដែលជប៉ុនឈ្លានពាន។
សព្វថ្ងៃ សាកលវិទ្យាល័យនេះ បើកបង្រៀនមុខវិជ្ជាធំៗចំនួន ៥គឺ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សិល្បៈ និងមនុស្សសាស្ត្រ វេជ្ជសាស្ត្រ និងសុខភាព និងសាសនា៕