វៀតណាម ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាម៉ូដែលអេស្ប៉ាញ នាង Andrea Aybar បានសម្តែងការសោកស្ដាយយ៉ាងខ្លាំង បន្ទាប់ពីការចាប់ខ្លួន របស់នាងពីបទប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន ក្នុងប្រទេសវៀតណាម ដោយនិយាយថា សកម្មភាពរបស់នាងបាន បំផ្លាញអាជីព និងអនាគតរបស់នាង។
នាង Aybar អាយុ ២៩ ឆ្នាំត្រូវបានឃុំខ្លួនកាលពីថ្ងៃទី ៩ ខែវិច្ឆិកានៅស្រុក Thu Duc នៃទីក្រុងហូជីមិញដោយសង្ស័យពីបទរំលោភ បំពានទាក់ទងនឹងគ្រឿងញៀន។ នាងត្រូវបានដាក់ឲ្យស្ថិតក្រោម ការស៊ើបអង្កេតជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ពីបទរក្សាទុកថ្នាំខុសច្បាប់ និងសម្រួលការប្រើប្រាស់ ថ្នាំនៅអាផាតមិនមួយ។
នាងបានប្រាប់ប៉ូលីសជាភា សាវៀតណាមទាំងទឹកភ្នែកថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំបានគិតច្រើន ហើយខ្ញុំបានដឹងពីកំហុសរបស់ខ្ញុំដែលបំពានច្បាប់ និងប្រើប្រាស់គ្រឿងញៀន។ ខ្ញុំបានបំផ្លាញអាជីព ជីវិត និងអនាគតរបស់ខ្ញុំ។ ខ្ញុំមិនគិតថា ខ្ញុំនឹងមានឱកាសដើម្បីចាប់ផ្តើមជាថ្មីម្តងទៀត ។
នាង Andrea Aybar បានរស់នៅក្នុងប្រទេសវៀតណាម តាំងពីកុមារភាព ហើយចេះភាសាអង់គ្លេស វៀតណាម និងអេស្ប៉ាញយ៉ាងស្ទាត់ជំនាញ។ នាងទទួលបានភាពល្បីល្បាញ ក្នុងឈុតតារាបង្ហាញម៉ូត របស់ប្រទេសវៀតណាមពីឆ្នាំ ២០១២ ដល់ ២០១៤ ហើយបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តដូចជា “HIT: Hoang Tu Va Lo Lem” (HIT: The Prince and Cinderella) និង “De Mai Tinh 2” (Let Hoi Decide) ។
នាងបានអវត្តមានយ៉ាងច្រើន ពីវិស័យសិល្បៈក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ ក្រៅពីនាង Aybar ឥស្សរជនសាធារណៈ ២ នាក់ទៀតគឺតារាចម្រៀង លោក Nguyen Trung Hieu អាយុ ៣៥ ឆ្នាំត្រូវបានស្គាល់ដោយឈ្មោះឆាករបស់លោក Chi Dan និងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truc Phuong ក៏ត្រូវបានចាប់ខ្លួនផងដែរ ហើយកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ពីបទសម្របសម្រួលការប្រើប្រាស់គ្រឿងញៀន ៕