កីឡា

លោក ទៀ ស្យាម ៖​ ការប្រណាំង រថយន្ត Off-Road អន្តរជាតិ ខេត្តព្រះសីហនុ ធ្វើឡើង ដើម្បីបន្តអភិវឌ្ឍន៍ វិស័យកីឡា រួមចំណែក ផ្សព្វផ្សាយអប់រំ ពីវិស័យទេសចរណ៍ខេត្ត

ភ្នំពេញ ៖ សហព័ន្ធកីឡា យាន្តយនកម្ពុជា បានសហការជាមួយ ក្លិបកីឡាមហាគ្រួសារ Off-Road កម្ពុជាបានប្រកាស ការប្រកួតការ ប្រណាំង រថយន្តឆ្លងកាត់ឧបសគ្គ Off-Road អន្តរជាតិ ខេត្តព្រះសីហនុ លើកទី១ ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបន្តអភិវឌ្ឍន៍វិស័យកីឡានេះ រួមចំណែកផ្សព្វផ្សាយអប់រំ ពីវិស័យទេសចរណ៍ខេត្ត ។

នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោក ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡា យានយន្តកម្ពុជាតំណាងឲ្យលោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និង ប្រធានក្លិបកីឡា​មហាគ្រួសារ Off-Road កម្ពុជា បានអញ្ជើញ ជាកិត្តិយសក្នុងពិធីសន្និសីទ្ធ សារព័ត៌មាន​ស្តីពីការប្រកួតការប្រណាំង ​​រថយន្តឆ្លងកាត់ឧបសគ្គ Off-Road អន្តរជាតិ ខេត្តព្រះសីហនុ លើកទី១ ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

លោក ទៀ ស្យាម បានមានប្រសាសន៍ថា សហព័ន្ធកីឡាយានយន្តកម្ពុជាសហការជាមួយនឹងក្លិបកីឡាមហាគ្រួសារ OFF-Road កម្ពុជារៀបចំព្រឹត្តិការណ៍ប្រណាំង រថយន្តឆ្លងកាត់ឧបសគ្គ OFF-Road អន្តរជាតិ ខេត្តព្រះសីហនុ ឆ្នាំ២០២៤” នាថ្ងៃទី២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានរៀបចំ ទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ មហាព្រឹត្តិការណ៍នេះ នឹងអាចទទួលការគាំទ្រច្រើនកោះករពីមហាជនជាតិ និងអន្តរជាតិ ដើម្បីបន្តអភិវឌ្ឍន៍វិស័យកីឡានេះ រួមចំណែកផ្សព្វផ្សាយអប់រំ ពីវិស័យទេសចរណ៍ និងបង្កើនពីកិត្យានុភាពខេត្តព្រះសីហនុផងដែរ ដល់អន្តរជាតិ តាមរយៈការ រៀបចំព្រឹត្តិការណ៍ ប្រណាំងយានយន្ត ។

លោកអនុប្រធាន សហព័ន្ធបានបន្តថា ការប្រកួតកម្រិតអន្តរជាតិលើកទី១នេះ ដោយមានការចូលរួម ពីក្រុមកីឡាករ-កីឡាករមកពី ៥ ប្រទេសរួមមានកម្ពុជា ថៃ វៀតណាម ឡាវ និងចិន ចំណែកកីឡាករកម្ពុជាចំនួន ៤០ រថយន្ត និងក្រុមកីឡាថៃ វៀតណាម ឡាវ និងចិនមានប្រហែល ២០ រថយន្ត ហើយការប្រណាំង រថយន្តឧបសគ្គ OFF-Road អន្តរជាតិលើកនេះមាន ៣ កម្រិត គឺកមិ្រត A កមិ្រត B និងកមិ្រត C៕

Most Popular

To Top