អង់ការ៉ា៖ យោងតាមទីភ្នាក់ងារ Anadolu បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ប្រទេសតួកគី បានបដិសេធ មិនព្រមឲ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអ៊ែល Isaac Herzog ចូលទៅកាន់ដែនអាកាស របស់ខ្លួននៅគ្រា ដែលធ្វើដំណើរទៅកាន់ប្រទេស អាស៊ែបៃហ្សង់ ។
រដ្ឋាភិបាលអ៊ីស្រាអ៊ែល បានស្នើសុំការអនុញ្ញាត ឱ្យយន្តហោះរបស់លោក Herzog ប្រើប្រាស់ដែនអាកាសតួកគី កំពុងធ្វើដំណើរដើម្បីចូលរួមកិច្ចប្រជុំ លើកទី២៩ នៃសន្និសីទភាគី ហៅកាត់ COP29 ដែលជាអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងបាគូ ដែលបានចាប់ផ្តើមនៅថ្ងៃទី១១ ខែវិច្ឆិកា ។ អាជ្ញាធរតួកគី បានច្រានចោលសំណើនេះ ។ នេះបើតាមសារព័ត៌មាន Anadolu ដែលបានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីតួកគីដែលសុំមិនបញ្ចេញឈ្មោះ ថាយ៉ាងដូច្នេះ ។
កាសែត Times of Israel បានរាយការណ៍ ឲ្យដឹងថា លោក Herzog បានលុបចោលដំណើរទស្សនកិច្ច របស់គាត់ទៅកាន់ប្រទេស អាស៊ែបៃហ្សង់ (Azerbaijan) កាលពីថ្ងៃសៅរ៍ដោយសារតែ “ការពិចារណាលើសុវត្ថិភាព” ។
ទំនាក់ទំនងរវាងតួកគី និងអ៊ីស្រាអ៊ែល មានភាពតានតឹងចាប់តាំងពីឆ្នាំ២០១០ដែលភាគច្រើនលើបញ្ហាប៉ាឡេស្ទីន ហើយវាបានចំណាយពេលជាងមួយទសវត្សរ៍សម្រាប់ប្រទេសទាំង២ដើម្បីធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតា ។
ខណៈដែលអន្តរកម្មនយោបាយ បានចាប់ផ្តើមប្រសើរឡើង នៅមុនពេលជម្លោះតំបន់ហ្គាហ្សា វិបត្តិដែលកំពុងបន្ត បានធ្វើឱ្យភាពតានតឹងឡើងវិញ ដោយភាគីទាំង២ មានការចោទប្រកាន់ពីការជួញដូរ ។
ប្រទេសតួកគី ក៏បានផ្អាកពាណិជ្ជកម្មទាំងអស់ ជាមួយអ៊ីស្រាអ៊ែល ស្របពេលមានអរិភាពផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា