វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Nguyen Quang Hoang នាយកប្រតិបត្តិ នៃក្រុមហ៊ុនប្រឹក្សា ហិរញ្ញវត្ថុ GFDI ដែលមានមូលដ្ឋាន នៅទីក្រុង Da Nang ប្រទេសវៀតណាមត្រូវ បានចាប់ខ្លួនពីបទបោក ប្រាស់មនុស្សចំនួន ៧,០០០នាក់ សម្រាប់គម្រោង Ponzi ដែលមានចំនួនទឹកប្រាក់ ៣.៧ ពាន់ពាន់លានដុង ស្មើនឹង ១៤៦ លានដុល្លារអាមេរិក។
លោក Hoang អាយុ ៣៦ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ រួមជាមួយប្រធាននាយកដ្ឋានថវិការបស់លោក គឺលោក Tran Thi My Hanh។ នាយកប្រតិបត្តិក្រុមហ៊ុន ៣ នាក់ផ្សេងទៀតកំពុងស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។
ប៉ូលីសបាននិយាយថា ចាប់តាំងពីខែឧសភាឆ្នាំ ២០១៨ GFDI បាននឹងកំពុងកៀងគរ ប្រាក់បញ្ញើពីបុគ្គល ជាមួយនឹងការសន្យានៃការបង់អត្រាការប្រាក់ខ្ពស់។ លោក Hoang បានប្រើប្រាស់ព័ត៌មានមិនពិត ដើម្បីទាក់ទាញប្រាក់បញ្ញើ ដោយនិយាយថា ក្រុមហ៊ុននឹងប្រើប្រាស់ប្រាក់នេះ ដើម្បីវិនិយោគលើគម្រោង នានាដែលមានប្រាក់ចំណូលខ្ពស់។
ក្រុមហ៊ុនបានចេញផ្សាយសម្ភារទីផ្សារជាច្រើន ដើម្បីបង្ហាញគម្រោងទាំងនេះ ហើយផ្តល់អត្រាការប្រាក់រហូតដល់ ៣.៥ភាគរយក្នុងមួយខែ។ លោក Hoang មិនបានប្រើលុយសម្រាប់គោលបំណងដែលបានសន្យាឡើយ ហើយបានប្រើលុយពីអ្នកដាក់ប្រាក់បញ្ញើក្រោយៗទៀតដើម្បីបង់ការប្រាក់ដល់អ្នកមុនៗនៅក្នុងអ្វីដែលគេស្គាល់ថា ជាគម្រោង Ponzi ។
ប៉ូលីសបានរកឃើញថា អ្នកផ្តល់ ប្រាក់កម្ចីសរុបចំនួន ៧,៥៤១ នាក់បានដាក់ប្រាក់ចំនួន ៣.៧ ពាន់ពាន់លានដុងជា មួយក្រុមហ៊ុនរបស់លោក Hoang ។ កាលពីដើមខែនេះ លោក Hoang បានជូនដំណឹងដល់អ្នកផ្តល់ប្រាក់កម្ចីថា ក្រុមហ៊ុនបានក្ស័យធន ហើយមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្រុមហ៊ុន ហើយទាមទារសំណងវិញ។
មនុស្សជាច្រើនមកពីខេត្តផ្សេងទៀត ខ្លះជាពលរដ្ឋវ័យចំណាស់ ដែលបានដាក់ប្រាក់សន្សំជីវិតរបស់ពួកគេ ហើយមានសូម្បីតែបុគ្គលិករបស់ Hoang ដែលបានធ្លាក់ក្នុងគម្រោងនេះ៕