តូក្យូ៖ ប្រទេសជប៉ុន អង់គ្លេស និងអ៊ីតាលី បានព្រមព្រៀងគ្នា ដើម្បីសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយនៅក្នុងគម្រោងរួមគ្នា ដែលទីក្រុងតូក្យូសង្ឃឹមថា នឹងបម្រើជា “មូលដ្ឋាន” សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer និងនាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni បានបញ្ជាក់ថា ពួកគេនឹងបញ្ចប់គម្រោងនេះជាសសរស្តម្ភសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រីភាគី នៅពេលដែលពួកគេបានជួបគ្នានៅលើគែមនៃកិច្ចប្រជុំក្រុមប្រទេសសេដ្ឋកិច្ចទាំង២០ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
ប្រទេសទាំងបីបានព្រមព្រៀងគ្នាក្នុងខែធ្នូ ឆ្នាំ២០២២ ដើម្បីចាប់ផ្តើមអភិវឌ្ឍយន្តហោះចម្បាំងរួមគ្នា។ គោលបំណងដើម្បីដាក់ពង្រាយយន្តហោះនេះនៅឆ្នាំ២០៣៥ កម្មវិធី Global Combat Air Program ពាក់ព័ន្ធនឹងក្រុមហ៊ុន Mitsubishi Heavy Industries Ltd. របស់ប្រទេសជប៉ុន ក្រុមហ៊ុន BAE Systems plc របស់ចក្រភពអង់គ្លេស និងក្រុមហ៊ុន Leonardo SpA របស់ប្រទេសអ៊ីតាលី។
ជប៉ុន អង់គ្លេស និងអ៊ីតាលី កំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ ខណៈដែលពួកគេចែករំលែកតម្លៃរួម ដូចជាលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ លោក Ishiba បានប្រាប់សមភាគីអង់គ្លេស និងអ៊ីតាលីថា កម្មវិធីអភិវឌ្ឍន៍រួមគ្នាដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យារបស់ប្រទេសនីមួយៗនឹងកំណត់ដំណាក់កាល សម្រាប់កិច្ចសហប្រតិបត្តិការក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ៕
ប្រែសម្រួល ឈូក បូរ៉ា