កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាម៉ូដែលកូរ៉េខាងត្បូង នាង Kim Na Jeong ត្រូវបានគេបិទភ្នែក និងចងដៃនាង ហើយត្រូវបានបង្ខំ ឲ្យស្រូបសារធាតុមិនស្គាល់ ដោយអ្នកជំនួញវ័យក្មេងម្នាក់ នៅប្រទេសហ្វីលីពីន។
យោងតាមកាសែតកូរ៉េខាងត្បូង Chosun ដូចដែលបានរាយការណ៍ដោយ Znews បាននិយាយថា នាង Kim កំពុងនៅក្នុងប្រទេសហ្វីលីពីន ដើម្បីផ្សព្វផ្សាយផលិតផលថែរក្សាសម្រស់ និងដើម្បីបើកដំណើរការម៉ាកយីហោខោអាវទ្រនាប់ អំឡុងពេលនោះនាងបានជួបជាមួយពាណិជ្ជករម្នាក់ដែលហៅថា លោក A ។
តំណាងនាង Kim បានបង្ហើបថា នាង Kim និងលោក A កំពុងផឹកស្រា លោក A បានចងដៃ និងបិទភ្នែកតារាម៉ូដែលរូបនេះ។ ពួកគេបានប្រកាសបន្ថែមទៀតថា លោក A បានបង្ខំនាង Kim ឲ្យស្រូបសារធាតុចម្លែកមួយ ហើយបានគំរាមនាងដោយកាំភ្លើង ដោយទុកឲ្យនាងគ្មានជម្រើស ក្រៅពីស្តាប់បង្គាប់។
អ្នកតំណាងរបស់នាងបានបន្តថា យើងមានការព្រួយបារម្ភថា ប្រសិនបើ លោក A ថតវីដេអូដោយប្រើទូរស័ព្ទដៃរបស់លោក វាអាចបណ្តាលឲ្យមានបញ្ហានៅពេលក្រោយ ។ ហេតុដូច្នេះហើយ នាង Kim Na Jeong បានថតខ្លួនឯងជាមួយទូរស័ព្ទរបស់នាង ហើយព្យាយាមរក្សាវីដេអូដោយផ្ញើវាតាមរយៈ AirDrop ។ ជាមួយនឹងវីដេអូនេះ យើងអាចបញ្ជាក់បានថា នាង Kim Na Jeong ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម។
មេធាវីរបស់នាង Kim បាននិយាយថា លោក A ត្រូវបានស្វែងរកឧក្រិដ្ឋកម្មជាច្រើន ហើយបច្ចុប្បន្នមិនអាចត្រឡប់ទៅកូរ៉េខាងត្បូងបានទេ។ លោកមេធាវីបានបញ្ជាក់ថា នាង Kim បានប្រើប្រាស់គ្រឿងញៀនជាលើកដំបូងក្រោមការបង្ខិតបង្ខំ ហើយមិនញៀនឡើយ។
អ្នកតំណាងរបស់នាង Kim បានបញ្ជាក់ថា លោក A បានផ្ញើសារគំរាមកំហែងទាក់ទងនឹងជីវិតរបស់នាង និងគ្រួសាររបស់នាង ប្រសិនបើនាងរាយការណ៍ពីឧប្បត្តិហេតុទៅប៉ូលីស។ ជាលទ្ធផល ប៉ូលីសបានផ្តល់នាឡិកាឆ្លាតវៃដល់នាង Kim សម្រាប់ការពារនាង ។ ពួកគេក៏បានប្រកាសពីគម្រោងកោះហៅនាង មកសាកសួរបន្ថែមអំពីឧបទ្ទវហេតុនេះ៕