ព័ត៌មានអន្តរជាតិ

និស្សិតវៀតណាមម្នាក់ ត្រូវចាប់ខ្លួន នៅកូរ៉េខាងត្បូង ពីបទបោះបង់ចោលទារក ទើបនឹងកើត នៅមជ្ឈមណ្ឌលលក់ទំនិញ

VN Express

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្មេងស្រីទើបនឹងកើតម្នាក់ ត្រូវបានគេប្រទះឃើញទុកចោល ក្នុងបន្ទប់ទឹកនៅមជ្ឈមណ្ឌល លក់ទំនិញមួយក្នុងខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង ដោយម្តាយត្រូវបានគេស្គាល់ថា ជានិស្សិតវៀតណាមអាយុ ១៩ ឆ្នាំ ។

សារព័ត៌មាន Korea Times បានរាយការណ៍ថា ប៉ូលីសកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ពីការចាប់ខ្លួននិស្សិតវៀតណាម ដោយចោទប្រកាន់ថា បានទុកកូនស្រីទើបនឹង កើតរបស់នាងក្នុងកាបូបក្នុងបន្ទប់ទឹក មជ្ឈមណ្ឌលលក់ទំនិញ។ ទារកនេះ ត្រូវបានគេប្រទះឃើញនៅម៉ោងប្រហែល ៥ ល្ងាចកាលពីថ្ងៃពុធ នៅមជ្ឈមណ្ឌលលក់ទំនិញមួយក្នុងទីក្រុង Uijeongbu ខេត្ត Gyeonggi ។

ទារកនោះមានសុខភាពល្អ ដោយទងផ្ចិតនៅតែនៅដដែល ទារកនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ដើម្បីព្យាបាល។  ដោយប្រើវីដេអូកាមេរ៉ាសុវត្ថិភាពពីហាងទំនិញ និងតំបន់ជុំវិញនោះ ប៉ូលីសបានតាមដាន និងចាប់ខ្លួនម្តាយនៅ គេហដ្ឋានរបស់នាងក្នុងទីក្រុង Uijeongbu ។

នេះបើយោងតាមកាសែត The Korea Herald បាននិយាយថា ស្ត្រីម្នាក់នេះត្រូវបាន គេរាយការណ៍ថា រស់នៅកូរ៉េខាងត្បូងក្នុងទិដ្ឋាការបណ្តុះបណ្តាលភាសា មិនមែនទិដ្ឋាការការងារទេ។ មូលហេតុនៃការបោះបង់ចោលនេះ នៅមិនទាន់ច្បាស់នៅឡើយ ហើយប៉ូលិសគ្រោងនឹងបន្តការ ស៊ើបអង្កេតដោយមានជំនួយពីអ្នកបកប្រែ។

របាយការណ៍ពីក្រសួងសុខាភិបាល និងសុខុមាលភាពរបស់ប្រទេសកូរ៉េខាងត្បូងកាលពីខែសីហា បានបង្ហាញថា កុមារជិត ១០០ នាក់ត្រូវបានបោះបង់ចោលជារៀងរាល់ឆ្នាំ ដោយអាណាព្យាបាលស្របច្បាប់ របស់ពួកគេ។ បន្ថែមពីលើនេះ ភ្នាក់ងារនគរបាលជាតិបានកត់ត្រាករណីបោះបង់ចោលទារកទើបនឹងកើតចំនួន ១.១៨៥ ករណីក្នុងប្រទេសចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២២ ។

នេះបើយោងតាមក្រសួងអប់រំ កូរ៉េខាងត្បូងបានបញ្ជាក់ថា គិតត្រឹមខែមីនា មាននិស្សិតវៀតណាមចំនួន ៤៣,៣៦១ នាក់រស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលធ្វើឲ្យវៀតណាមក្លាយ ជាប្រភពសិស្សបរទេសធំទី២ក្នុងប្រទេស ៕

Most Popular

To Top