តើអ្នកជាមនុស្សស្គមទេ ហើយចង់ឡើងទម្ងន់ច្រើនជាងមុនដែរទេ? អ្នកប្រហែលជាចង់ញ៉ាំអាហារណាដែលសម្បូរកាឡូរី និងខ្លាញ់ហើយមើលទៅ។ ប៉ុន្តែការហាត់ប្រាណជាប្រចាំ គួរតែជារឿងដែលមនុស្សស្គមៗគួរតែធ្វើដែរ។ ពិតណាស់ ការហាត់ប្រាណគេមិនគិតថា ទាល់តែមនុស្សភេទប្រុស ឬស្រី អាយុច្រើន ឬតិច ឬធាត់ឡើយ ព្រោះវាគឺជាអ្វីដែលជួយឲ្យមានសុខភាពល្អ។
យ៉ាងណាមិញ សម្រាប់មនុស្សស្គមៗ អ្នកនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ជាពិសេសការហាត់ប្រាណបែបលើកដុំដែកតែម្តង។
ការហាត់ប្រាណទៀងទាត់នឹងធ្វើឲ្យមានអារម្មណ៍ថាមានកម្លាំង
យកល្អគួរតែហាត់ប្រាណឲ្យបានច្រើនជាពិសេសបើសិនជាអ្នកកំពុងតែរស់នៅបែបរវល់ ឬរបៀបរស់នៅបែបសកម្មច្រើន។
បើសិនជាអ្នកជាមនុស្សស្គម និងតែងតែអស់កម្លាំងពេកនោះ ការហាត់ប្រាណអាចជួយឲ្យអ្នកមានកម្លាំងបានលឿនតាមតម្រូវការបាន។
ល្អចំពោះសុខភាពបេះដូងសរសៃឈាម
ការយកវិធីហាត់ប្រាណជាផ្នែកមួយនៃទម្លាប់រស់នៅ ពី ៤ ទៅ ៥ដងក្នុងមួយសប្តាហ៍នឹងជួយបន្ថយការប្រឈមនឹងបញ្ហាជាច្រើនដែលជាប់ទាក់ទងនឹងបេះដូង។ វាក៏ជាអ្វីដែលអាចបញ្ចុះកូឡេស្តេរ៉ុល និងសម្រួលដល់សម្ពាធឈាមបានដែរ។ អ្នកជំនាញនិយាយថា ការហាត់ប្រាណដោយលើកដុំដែក អាចបន្ថយការប្រឈមនឹងជំងឺបេះដូង គាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលបាន។
បង្កើនមុខងារប្រព័ន្ធភាពស៊ាំ
តើអ្នកច្រើនតែយល់ថា ខ្លួនឯងមានបញ្ហាអាឡែហ្ស៊ី និងការបង្ករោគដូចជា ក្អក និងផ្តាសាយដែរទេ? រឿងនេះប្រហែលជាអ្នកត្រូវការហាត់ប្រាណកាន់តែច្រើនដើម្បីឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងហើយ។ ការសិក្សាបានបង្ហាញថា ការហាត់ប្រាណប្រហែលជាបន្ថយឱកាសនៃការកើតជំងឺដែលនាំឲ្យស្លាប់បានដូចជា ជំងឺមហារីកជាដើម។
ជួយបំបាត់ការបាក់ទឹកចិត្ត និងការថប់អារម្មណ៍
វាមិនមែនជាអាថ៌កំបាំងឡើយដែលថា ការហាត់ប្រាណជួយឲ្យអ្នកមានអារម្មណ៍សប្បាយចិត្ត តែអ្នកគួរតែអរគុណដល់ការកើនឡើងរបស់សារធាតុ Endorphins ដែលជាអ័រម៉ូនជួយឲ្យសប្បាយចិត្ត។ ក្រៅពីធ្វើឲ្យមានអារម្មណ៍ល្អ អ័រម៉ូននេះត្រូវបានគេដឹងថា ជួយបង្កើនការស្រឡាញ់ខ្លួនឯង និងបន្ថយការឈឺចាប់ថែមទៀត។ ក្រៅពីនេះ Endorphin ក៏ជួយបំបាត់ការថប់អារម្មណ៍ដែរ។
ពង្រឹងដល់ការគេង
បើអ្នកជាមនុស្សពិបាកគេងលក់ ចូរចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងការហាត់ប្រាណដើម្បីកុំឲ្យងងុយគេងនៅពេលថ្ងៃ និងជម្រុញដល់ការងងុយគេងនៅពេលយប់។ អ្នកគួរតែកុំហាត់ប្រាណនៅរយៈពេលពីរបីម៉ោងមុនគេដែរ ព្រោះវានឹងធ្វើឲ្យការគេងមិនលក់កាន់តែខ្លាំង៕
ដោយ៖ ហង្ស សុបញ្ញា