(ទីក្រុងឡុងដ៏) ៖ យោងទៅតាមការសិក្សា របស់ក្រុមអ្នកស្រាវជ្រាវ នៃមហាវិទ្យាល័យ College London (UCL) របស់ចក្រភពអង់គ្លេស បានឲ្យដឹងថា ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ អាចកាត់បន្ថយអត្រា នៃការកើតជំងឺទឹកនោម ផ្អែមទាំងពីរប្រភេទបាន ។
ក្រុមអ្នកស្រាវជ្រាវនៃមហាវិទ្យាល័យ College London (UCL) របស់ចក្រភពអង់គ្លេស បានដឹកនាំការសិក្សាស្រាវជ្រាវមួយ ដោយការពិនិត្យទៅលើទិន្នន័យបានមកពីការសិក្សាពីមុនៗ ដែលត្រូវបានចូលរួម ដោយមនុស្សជាងមួយលាននាក់ នៅបណ្តាប្រទេសធំៗមួយចំនួនទូទាំងពិភពលោក ជាក់ស្តែងរួមមាន សហរដ្ឋអាមេរិក អាស៊ី អូស្រ្តាលី និង អឺរ៉ុប ។
ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលមានទំលាប់ហាត់ប្រាណ ក្នុងរយៈពេល ១ម៉ោងជារៀងរាល់ថ្ងៃ អាចកាត់បន្ថយអត្រាគ្រោះថ្នាក់នៃការជំងឺទឹកនោមផ្អែម ទាំង២ប្រភេទបានរហូតដល់ ៤០ភាគរយ ។
មិនត្រឹមតែប៉ុណ្ណោះ ការហាត់ប្រាណក៏អាចធ្វើការព្យាបាល ជំងឺទឹកនោមផ្អែមផងដែរ ដោយវាអាចធ្វើឲ្យសម្ពាធឈាម និងជាតិស្ករ នៅក្នុងឈាមមានលំនឹង ព្រមទាំងអាចទប់ស្កាត់ការកើតជំងឺផ្សេងៗទៀត ដែលកើតចេញពីជំងឺទឹកនោមផ្អែម ។
តាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងទៀតថា អត្រានៃកើតជំងឺទឹកនោមផ្អែមទាំង២ប្រភេទ នឹងអាចកើនឡើងរហូតដល់ ៦០០ លាននាក់ នៅក្នុងឆ្នាំ ២០៣៥ ប្រសិនបើគ្មានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ។