កម្ពុជា ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រាសាទកោះកេរ ជាប្រាសាទដាច់ស្រយាលមួយ ក្នុងប្រទេសកម្ពុជាបានក្លាយ ជាតំណាងអាស៊ីអាគ្នេយ៍ តែមួយគត់ ដែលស្ថិតក្នុងបញ្ជីនៃគោលដៅទេសចរណ៍ចំនួន ២៥ របស់ស្សនាវដ្ដីទេសចរណ៍អាមេរិក Fodor’s Travel សម្រាប់ឆ្នាំ ២០២៥ ។
ទស្សនាវដ្ដីទេសចរណ៍អាមេរិក បានសរសេរថា ភ្ញៀវទេសចរណ៍អន្តរជាតិគួរពិចារណា លើប្រាសាទកោះកេរ ដែលជាកន្លែងបុរាណវត្ថុដ៏ធំ ទូលាយដោយផ្តល់នូវការយល់ដឹង ដ៏គួរឲ្យចាប់អារម្មណ៍ ចំពោះទិដ្ឋភាពមិនសូវស្គាល់ នៃអាណាចក្រខ្មែរ។ ប្រាសាទកោះកេរ មានទីតាំងក្នុងខេត្តព្រះវិហារ មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគឦសាន នៃខេត្តសៀមរាប កោះកេរបានបម្រើការជារាជធានី នៃអាណាចក្រខ្មែរក្នុងសតវត្សទី១០ ។
ទីតាំងនេះមានប្រាសាទចំនួន ៨០ ដែលលាក់ខ្លួនជាច្រើននៅក្នុងព្រៃក្រាស់ ក្នុងចំណោមចំណុចលេចធ្លោរបស់វា គឺប្រាសាទធំ ជាប្រាសាទរាងពីរ៉ាមីតមានកម្ពស់ ៧ ជាន់តែមួយគត់របស់អាស៊ី ដែលស្ថិតនៅលើមូលដ្ឋានទំហំដី ៥៥ ម៉ែត្រការ៉េ និងឡយឡើង ៣០ ម៉ែត្រពីលើវាលទំនាប។
ប្រាសាទកោះកេរ ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅចុងឆ្នាំ២០២៣។ បញ្ជីដំណើរទៅកាន់ឆ្នាំ ២០២៥ របស់ Fodor’s Travel រួមមាន ២៥ គោលដៅទេសចរណ៍ ដែលនៅដាច់ស្រយាល ប៉ុន្តែសន្យាថានឹងមានការផ្សងព្រេង និងរីករាយ ។
អាស៊ីត្រូវបានតំណាងដោយគោលដៅចំនួន ៣ គឺកោះកេរ ប្រទេសកម្ពុជា មេហ្គាឡាយ៉ា ប្រទេសឥណ្ឌា និងទីក្រុងនីកូ ប្រទេសជប៉ុន។ ទ្វីបអឺរ៉ុបមានចំនួន ៥ ក្នុងបញ្ជី៖ Camargue ប្រទេសបារាំង ទីក្រុង Helsinki ប្រទេសហ្វាំងឡង់ Meteora នៅប្រទេសក្រិច ស្រុក Masurian Lake ប្រទេសប៉ូឡូញ និង Vestmannaeyjar នៅអ៊ីស្លង់។
សហរដ្ឋអាមេរិកក៏មានតំណាង ៥ដែរ៖ ឧទ្យានជាតិ Badlands នៅ South Dakota, Houston ក្នុងរដ្ឋ Texas, Las Vegas ក្នុរដ្ឋ Nevada, Los Olivos ក្នុងរដ្ឋកាលីហ្វ័រញ៉ា និងទីក្រុងឆ្នេរ Michigan ៕