វ៉ាស៊ីនតោន៖ លោក ចូ បៃដិន ប្រធានាធិបតី សហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងឈប់បាញ់ រយៈពេល ៦០ថ្ងៃ ដែលសហរដ្ឋអាមេរិកបានស្នើឡើងរវាងអ៊ីស្រាអ៊ែល និងក្រុមហេបូឡាហ៍ នៅក្នុងប្រទេសលីបង់ ដែល “ត្រូវបានរៀបចំឡើងជាអចិន្ត្រៃយ៍” នឹងចូលជាធរមាននៅម៉ោង៤និង០០នាទីព្រឹកថ្ងៃពុធនេះម៉ោងនៅក្នុងស្រុក ត្រូវនឹងម៉ោង២និង០០នាទីព្រឹក ម៉ោងសកល ។
លោក បៃដិន បានថ្លែងនៅក្នុងសុន្ទរកថា ដែលចេញពីសេតវិមាន Rose Garden ថា “ស្ថិតក្រោមកិច្ចព្រមព្រៀង ដែលសម្រេចបាននៅថ្ងៃនេះ មានប្រសិទ្ធភាពនៅម៉ោង ៤ព្រឹកថ្ងៃស្អែក ម៉ោងក្នុងស្រុក ការប្រយុទ្ធគ្នាឆ្លងព្រំដែនលីបង់ និងអ៊ីស្រាអ៊ែល នឹងបញ្ចប់” ។
លោកបានថ្លែងទៀតថា “នេះត្រូវបានរៀបចំឡើង ដើម្បីជាការបញ្ឈប់អរិភាព ជាអចិន្ត្រៃយ៍ ។ អ្វីដែលនៅសេសសល់ ពីក្រុមហេបូឡាហ៍ និងអង្គការភេរវករផ្សេងទៀត នឹងមិនត្រូវបានអនុញ្ញាតទេ” ។
លោក បៃដិន បានថ្លែងថា “ក្នុងរយៈពេល៦០ថ្ងៃ ខាងមុខនេះ អ៊ីស្រាអ៊ែល នឹងដកកងកម្លាំងដែល នៅសេសសល់របស់ខ្លួន ចេញជាបណ្តើរៗ ហើយជនស៊ីវិលទាំងសង្ខាង នឹងអាចត្រឡប់ទៅសហគមន៍ របស់ពួកគេវិញដោយសុវត្ថិភាព ហើយចាប់ផ្តើមសាងសង់ផ្ទះ របស់ពួកគេឡើងវិញ” ។
ប្រធានាធិបតីអ៊ីស្រាអ៊ែល បានថ្លែងថា “រក្សាសិទ្ធិការពារខ្លួន” ក្នុងករណីដែល “ក្រុមហេបូឡាហ៍ ឬនរណាម្នាក់ផ្សេងទៀត” បំបែកកិច្ចព្រមព្រៀងដែលបានប្រកាសថ្មី ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីអ៊ីស្រាអ៊ែលនៅថ្ងៃតែមួយនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់សហរដ្ឋអាមេរិក និង បារាំង ដែលប្រកាសកិច្ចព្រមព្រៀង បទឈប់បាញ់ ប្រទេសទាំង២បានឲ្យដឹងថា “សេចក្តីប្រកាសនឹងបង្កើត លក្ខខណ្ឌដើម្បីស្តារភាពស្ងប់ស្ងាត់យូរអង្វែង និងអនុញ្ញាត ឱ្យអ្នករស់នៅក្នុងប្រទេសទាំង២ត្រឡប់ទៅផ្ទះ របស់ពួកគេវិញដោយសុវត្ថិភាព នៅលើផ្នែកទាំង២នៃខ្សែបន្ទាត់ពណ៌ខៀវ” ។
គួរបញ្ជាក់ថា ខ្សែបន្ទាត់ពណ៌ខៀវ គឺជាបន្ទាត់កំណត់ព្រំដែន ដែលគូសដោយអង្គការសហប្រជាជាតិនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០០ដែលមានបំណងបំបែកកង ទ័ពអ៊ីស្រាអ៊ែល និងលីបង់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា