តូក្យូ៖ ប្រភពរដ្ឋាភិបាល អង់គ្លេស បានឲ្យដឹងថាប្រទេសជប៉ុន អង់គ្លេស និងអ៊ីតាលីកំពុង ពិចារណាអញ្ជើញ អារ៉ាប៊ីសាអូឌីត ឱ្យចូលរួមក្នុងគម្រោងអភិវឌ្ឍន៍ យន្តហោះចម្បាំង ជំនាន់ក្រោយរបស់ពួកគេ ជាមួយនឹងការគាំទ្រ ផ្នែកហិរញ្ញវត្ថុ។
ប្រភពបានឲ្យដឹងថា ចក្រភពអង់គ្លេស កំពុងស្វែង រកការជួយឧបត្ថម្ភ ដល់វិស្វករ នៅក្នុងប្រទេសមជ្ឈិមបូព៌ា និងឧស្សាហកម្មការ ពារជាតិ របស់ខ្លួនជាថ្នូរ នឹងការរួមចំណែកផ្នែក ហិរញ្ញវត្ថុរបស់ខ្លួនចំពោះគម្រោងត្រីភាគី ដែលប្រទេសទាំងបីមានបំណង ដាក់ពង្រាយយន្តហោះ ដំបូងនៅឆ្នាំ២០៣៥។
ប្រភពដដែលបានឲ្យដឹងថា អារ៉ាប៊ីសាអូឌីត ទំនងជាមិនក្លាយជាដៃគូស្មើភាពគ្នាទេ ដោយសារតែមន្ត្រីមួយចំនួន នៃរដ្ឋាភិបាល បីផ្សេងទៀត មានការព្រួយបារម្ភ អំពីសុវត្ថិភាពអ៊ីនធឺណិត និងបច្ចេកវិទ្យា ការពាររបស់ខ្លួន ក៏ដូចជាភាពខុសគ្នានៃវប្បធម៌ ។
ត្រូវបានប្រកាសនៅក្នុងខែធ្នូ ឆ្នាំ២០២២ កម្មវិធីរួមគ្នាកើតឡើង នៅពេលដែលប្រទេសជប៉ុន និង បណ្តាប្រទេសនៅអឺរ៉ុប កំពុងពង្រឹងកិច្ច សហប្រតិបត្តិការ ផ្នែកសន្តិសុខក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំពេលមានសកម្មភាព បង្កហេតុ របស់ចិននៅក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក និងការលុកលុយ ដ៏អូសបន្លាយ របស់រុស្ស៊ីលើអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និងសមភាគីអង់គ្លេស និងអ៊ីតាលីលោក Keir Starmer និង Giorgia Meloni បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត របស់ពួកគេ ចំពោះការអភិវឌ្ឍន៍រួមគ្នា ដែលត្រូវបានគេហៅថា Global Combat Air Program ក្នុងអំឡុងពេល កិច្ចប្រជុំរបស់ពួកគេ នៅប្រទេសប្រេស៊ីល កាលពីដើមខែនេះនៅខាងក្រៅ នៃកិច្ចប្រជុំកំពូល G20 នៅទីក្រុងរីយ៉ូ ៕