ម៉ូស្គូ៖ យោងតាមឯកសារ ដែលបានចេញផ្សាយ តាមច្បាប់កំណត់ កាលពីថ្ងៃអាទិត្យថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអនុម័តទៅលើថវិកា សហព័ន្ធសម្រាប់ឆ្នាំ២០២៥ និងរយៈពេលគ្រោងទុកឆ្នាំ២០២៦-២០២៧ ។
ប្រាក់ចំណូល របស់ប្រទេសរុស្ស៊ី នៅក្នុងឆ្នាំ២០២៥ត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ប្រហែល ៤០,៣ ពាន់ពាន់លានរូប្លិង ស្មើនឹង៣៧៨.៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈការចំណាយត្រូវបានគេរំពឹងថា នឹងមានចំនួនលើសពី៤១ពាន់ពាន់លានរូប្ល ស្មើនឹង៣៩០ពាន់លានដុល្លារ ដែលធ្វើឱ្យមានឱនភាព០.៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ។
គេបានដឹងថា GDP របស់ប្រទេសរុស្ស៊ី ត្រូវបានគេព្យាករណ៍ថា នឹងឡើងដល់២១៤.៥ពាន់ពាន់លានរូប្លិ ស្មើនឹង២.០២ ពាន់ពាន់លានដុល្លារនៅឆ្នាំ២០២៥ដោយបានកើនឡើងដល់២៣០.៥ ពាន់ពាន់លានរូប្លិ ស្មើនឹង២.១៧ពាន់ពាន់លានដុល្លារ នៅឆ្នាំ២០២៦ និងចំនួន២៤៨.៣ ពាន់ពាន់លានរូប្លិ ស្មើនឹង២.៣៣ពាន់ពាន់លានដុល្លារ នៅឆ្នាំ២០២៧ ហើយអតិផរណាវិញ គឺនៅតែទាបសម្រាប់ឆ្នាំ២០២៥ និង ៤ភាគរយក្នុងឆ្នាំបន្ទាប់ ។
អាទិភាពសំខាន់ៗ ដែលបានរៀបរាប់ នៅក្នុងថវិការួមមានការ បំពេញកាតព្វកិច្ចសង្គម ការធានាសន្តិសុខ និងវិស័យការពារជាតិ ការជំរុញអធិបតេយ្យ ភាពផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលថវិកាសរុប ចំនួន២១ពាន់ពាន់លានរូប្លិ ស្មើនឹង១៩៧.៣ពាន់លានដុល្លារ ត្រូវបានបម្រុងទុកសម្រាប់ គោលនយោបាយសង្គម ចំនួន១៤ពាន់ពាន់លានរូប្លិស្មើ នឹង១៣១.៥ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិ និងការអនុវត្តច្បាប់ និងចំនួន១៤ពាន់ពាន់លានរូប្លិ ស្មើនឹង១៣១.៥ពាន់លានដុល្លារសម្រាប់ជាតិ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្នុងរយៈពេល៣ឆ្នាំខាងមុខ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា