ភ្នំពេញ៖លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងប្រធានសហព័ន្ធ កីឡាការ៉ាតេកម្ពុជា និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០បានអញ្ជើញ ចូលរួមពិធីមហាសន្និបាត បញ្ចប់អាណត្តិទី៨ បន្តអាណត្តិទី៩ ប្រចាំឆ្នាំ២០២០-២០២៤ សហព័ន្ធកីឡាការ៉ាតេកម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធបានប្រាប់ឲ្យដឹងថា បច្ចុប្បន្នសហព័ន្ធកីឡាការ៉ាតេកម្ពុជាមានក្លិបចំនួន៤៦ដែលមានកីឡាករ-កីឡាការិនីជិត១០០០នាក់រួមមានខេត្តបាត់ដំបង សៀបរាម កំពង់សោម កណ្តាល ភ្នំពេញ និង៣ក្រសួង គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងចៅក្រមអាជ្ញាកណ្តាល កម្រិតអន្តរជាតិចំនួន៤នាក់។
សម្រាប់បន្តអាណត្តិទី៩ ប្រចាំឆ្នាំ២០២០-២០២៤សហព័ន្ធមាន សមាជិក គណៈកម្មាធិការប្រតិបត្តិចំនួន១៧នាក់ក្នុងនោះ មានប្រធាន១រូប អនុប្រធាន៤រូប អគ្គលេខាធិការ១រូប អគ្គលេខាធិការរង៤រូប អគ្គហិរញ្ញឹក ១រូប អគ្គហិរញ្ញឹករង៣រូប និងសមាជិក៣រូប៕