គៀវ៖ កាលពីថ្ងៃពុធ ក្រសួងហិរញ្ញវត្ថុ របស់ប្រទេសអ៊ុយក្រែន បានប្រកាសថា ប្រទេសអ៊ុយក្រែន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងគ្នា ជាមួយសហភាព អឺរ៉ុប ហៅកាត់ថា (EU) ដើម្បីទទួលបានប្រាក់ រហូតដល់៣៥ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល ៣៦,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយសម្រាប់ម៉ាក្រូហិរញ្ញវត្ថុ ហៅកាត់ (MFA) ។
គេបានដឹងថា អនុស្សរណៈ នៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងប្រាក់កម្ចី ត្រូវបានចុះហត្ថលេខា ដោយប្រធាន ធនាគារជាតិ អ៊ុយក្រែន Andriy Pyshnyy រដ្ឋមន្ត្រីហិរញ្ញវត្ថុ Sergii Marchenko និងអនុប្រធានគណៈកម្មការអឺរ៉ុប Valdis Dombrovskis ផងដែរ ។
ស្ថិតនៅក្រោមកិច្ចព្រមព្រៀងនេះដែរ មូលនិធិនេះនឹងត្រូវបានផ្តល់ជាប្រាក់កម្ចី ស្ថិតនៅក្រោមក្រុម នៃប្រាក់កម្ចីបង្កើន ល្បឿន ប្រាក់ចំណូលវិសាមញ្ញ របស់ក្រុមG7សម្រាប់ប្រទេសអ៊ុយក្រែន ដែលគាំទ្រដោយប្រាក់ចំណូល នាពេលអនាគតពីទ្រព្យ សម្បត្តិអធិបតេយ្យភាពរុស្ស៊ី ដែលបង្កកនៅ សហភាពអឺរ៉ុប ។
ក្រសួងខាងលើបានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងមិនប្រើប្រាស់ធនធាន ក្នុងស្រុកដើម្បីសងប្រាក់កម្ចីនោះឡើយ ។
ក្រសួងបានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្លួនបានរំពឹងថា មូលនិធិ MFA ទាំងអស់សម្រាប់អ៊ុយក្រែន នឹងស្ថិតនៅលើមូលដ្ឋានមិនអាចសងវិញបាននោះទេ” ។
ដើម្បីទទួលបានមូលនិធិនេះ ប្រទេសអ៊ុយក្រែន ត្រូវតែបំពេញលក្ខខណ្ឌចំនួន១៤បូករួម ទាំងកំណែទម្រង់ ក្នុងស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ សហគ្រាសរដ្ឋ រដ្ឋបាលសាធារណៈ ថាមពល នីតិរដ្ឋ ការប្រឆាំងអំពើពុករលួយ និងឧស្សាហកម្មការពារជាតិ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា