បាត់ដំបង ៖ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានចូលរួមជាអធិបតីក្នុងពីធីបិទ ការប្រកួតកីឡាប៉េតង់ ពានរង្វាន់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការ ចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាលរង នៃគណៈអភិបាលខេត្ត លោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត និងកីឡាករ-កីឡាការិនីនៅខេត្តបាត់ដំបង ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រាសាសន៍ថា នេះជាលើកទី១ ហើយដែលលោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាទាំង ២៤ខេត្ត រាជធានីបានមកជួបជុំគ្នា ដើម្បីលេងកីឡាក្នុងស្មារតីភាតរភាព ដោយគូសបញ្ជាក់ថា គោលបំណង នៃការប្រកួតកីឡាប៉េតង់នេះ គឺមិនត្រឹមតែចូលរួម លើកកម្ពស់វិស័យ កីឡាប៉េតង់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱកាសល្អប្រសើរសម្រាប់ការរឹតចំណងមិត្តភាព សាមគ្គីភាព រវាងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តទាំងអស់ជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបំផុសគំនិតឱ្យបុគ្គលិកអប់រំ និងសិស្សានុសិស្សឲ្យស្រលាញ់ចូលចិត្តលេងកីឡាប៉េតង់ ដើម្បីជួយឱ្យសុខភាពរឹងមាំ។
ជាថ្មីម្តងទៀត លោករដ្ឋមន្រ្តីក្រសួងអប់រំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារអគ្គនាយកដ្ឋានកីឡា នាយកដ្ឋានជំនាញ និង លោក លោកស្រី ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា រាជធានី ខេត្ត ដែលបានសហការគ្នា រៀបចំការប្រកួតកីឡា ប៉េតង់នេះ ឲ្យប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ ព្រមទាំងបានចូលរួមអបអរសាទរ ដល់ម្ចាស់ជ័យលាភី ដែលឈ្នះពានរង្វាន់ ក្នុងការប្រកួតនេះ ជាពិសេសគឺថ្លែងអំណរគុណ ចំពោះការចូលរួមប្រកួត យ៉ាងស្វិតស្វាញរបស់ កីឡាករ-កីឡាការិនី លោក លោកស្រី មន្ត្រី នៃមន្ទីរអប់រំ យុវជន និងកីឡាទាំងអស់ ដោយរំពឹងថា នឹងមានការចូលកាន់ តែសកម្មបន្ថែមទៀតនាឱកាសនៃការប្រកួតឆ្នាំបន្តបន្ទាប់ ស្របតាមយុទ្ធនាការអប់រំ «ប្រជាជនម្នាក់ លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត»។
លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡា ប៉េតង់ ឆ្នាំ២០២៤ នេះប្រព្រឹត្ត ទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ ទី៨ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីប្រតិភូកីឡា សរុបចំនួន ១៨៦នាក់ អញ្ជើញមកពីរាជធានី ខេត្តចំនួន២៤ (អវត្តមាន ខេត្តរតនៈគិរី) និងមានថ្នាក់ដឹកនាំក្រសួង មន្ត្រីអង្គភាពចំណុះ ចំនួន ១៩ នាក់ ចូលរួមប្រកួតលើវិញ្ញាសាចំនួន ០២ គឺ វិញ្ញាសា ២ នាក់ ទល់ ២ នាក់ និងវិញ្ញាសា ៣ នាក់ ទល់ ៣ នាក់។
ខេត្តបាត់ដំបងដណ្តើម បានមេដាយមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ខេត្តស្វាយរៀងដណ្តើម បានមេដាយមេដាយមាស ១ គ្រឿង ខេត្តតាកែវដណ្តើមបានមេដាយមេដាយប្រាក់ ១ គ្រឿង និងខេត្តកណ្តាល និងខេត្តស្ទឹងត្រែង ដណ្តើមបានមេដាយមេដាយសំរិទ្ធ ១ គ្រឿងដូចគ្នា៕