សាន់ហ្វ្រាន់ស៊ីស្កូ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple កាលពីថ្ងៃពុធបានដាក់ចេញ នូវការអាប់ដេតសំខាន់ៗ ចំពោះការផ្តល់ជូនបញ្ញាសិប្បនិម្មិត របស់ខ្លួន រួមបញ្ចូល ChatGPT របស់ OpenAI ទៅក្នុងកម្មវិធីដើមរបស់វា រួមទាំង Siri នៅលើ iPhone ។
ការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ សម្រាប់ក្រុមហ៊ុន ដែលផ្តោតលើភាពឯកជន Apple បានសហការជាមួយ OpenAI ដើម្បីរួមបញ្ចូល ChatGPT ទៅក្នុងឧបករណ៍សរសេររបស់ខ្លួន និង Siri ជំនួយការនិម្មិត ដែលធ្វើឲ្យអ្នកប្រើប្រាស់ iPhone ឬ iPad ចុងក្រោយបង្អស់អាចចូលប្រើ AI chatbot ដោយមិនចាកចេញពីប្រព័ន្ធអេកូឡូស៊ីរបស់ Apple ។
ការផ្លាស់ប្តូរត្រូវបានប្រកាស ជាលើកដំបូងកាលខែមិថុនា គឺជាការជំរុញដ៏សំខាន់បំផុត របស់ Apple ទៅលើបញ្ញាសិប្បនិមិត្ត ពីព្រោះក្រុមហ៊ុនមានគោលបំណងប្រកួតប្រជែងជាមួយគូប្រជែង Google និង Samsung បានរួមបញ្ចូលមុខងារ AI ស្រដៀងគ្នារួចទៅហើយទៅ ក្នុងឧបករណ៍ដែលដំណើរការដោយ Android របស់ពួកគេ។
ចាប់តាំងពី OpenAI បានបើកដំណើរការ ChatGPT កាលឆ្នាំ ២០២២ ក្រុមហ៊ុន Apple កំពុងស្វែងរកការបញ្ចុះបញ្ចូលអ្នកសង្ស័យលើយុទ្ធសាស្ត្រ AI របស់ខ្លួន បន្ទាប់ពី Microsoft និង Google បានបញ្ចេញផលិតផលជាបន្តបន្ទាប់គ្នាយ៉ាងរហ័ស។ លក្ខណៈពិសេស ChatGPT ស្ថិតនៅក្រោមប្រព័ន្ធ “Apple Intelligence” របស់អ្នកផលិត iPhone រួមបញ្ចូល នូវឧបករណ៍កែរូបភាពដែលដំណើរការដោយ AI មានឈ្មោះថា Image Playground និងម៉ាស៊ីនបង្កើត emoji មានឈ្មោះថា Genmoji ។
Apple ចាប់ផ្តើមដំណើរការមុខងារ AI ថ្មីដល់ប្រទេសចំនួនប្រាំមួយ ដែលនិយាយភាសាអង់គ្លេស រួមមានសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងចក្រភពអង់គ្លេស។ ក្រុមហ៊ុនគ្រោងនឹងបន្ថែមការគាំទ្រសម្រាប់១១ ភាសាបន្ថែមទៀតពេញមួយឆ្នាំ ដោយចាប់ផ្តើមជាមួយនឹងការអាប់ដេតកម្មវិធីខែមេសា៕
