ព័ត៌មានអន្តរជាតិ

ប្រធាន FBI បច្ចុប្បន្នគ្រោង នឹងលាលែងពីមុខតំណែង ខណៈលោក ដូណាល់ ត្រាំ ប្រកាសតែងតាំងvនាយកគ្រប់គ្រងថ្មី

AFP

វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយ សហរដ្ឋអាមេរិក បានផ្សាយថា លោក Christopher Wray ប្រធានការិយាល័យ ស៊ើបអង្កេតសហព័ន្ធ ហៅកាត់ថា (FBI) បានប្រាប់បុគ្គលិក ការិយាល័យរបស់ខ្លួន កាលពីថ្ងៃពុធថា លោកគ្រោងនឹង លាលែង ពីតំណែង នៅចុងបញ្ចប់នៃរដ្ឋបាលបច្ចុប្បន្ននេះ ខណៈប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានប្រកាសថា មានបំណងចង់មានអ្នកជំនួសរូបលោក ។

លោក Wray ត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍ NBC News ថា “បន្ទាប់ពីការគិតយ៉ាងប្រុងប្រយ័ត្នជាច្រើនសប្តាហ៍ ខ្ញុំបានសម្រេចចិត្តថា រឿងត្រឹមត្រូវសម្រាប់ការិយាល័យ គឺសម្រាប់ខ្ញុំដើម្បីបម្រើ រហូតដល់ចុងបញ្ចប់ នៃរដ្ឋបាលបច្ចុប្បន្ននេះនៅក្នុងខែមករា ហើយបន្ទាប់មកទៀតគឺចុះចេញពីតំណែង” ។

លោក Wray បានថ្លែងថា “តាមទស្សនៈរបស់ខ្ញុំ នេះជាវិធីល្អបំផុតដើម្បីចៀស​ វាងការអូសទាញការិយាល័យ ឱ្យកាន់តែជ្រៅ ទៅក្នុងភាពច្របូកច្របល់ ខណៈដែលពង្រឹងតម្លៃ និងគោលការណ៍ដែលមាន សារៈសំខាន់ ចំពោះរបៀបដែលយើងធ្វើការងាររបស់យើង” ។

កាលពីពេលថ្មីៗនេះ លោក ត្រាំ បានប្រកាសថា លោកគ្រោងនឹងតែងតាំងលោក Kash Patel ឲ្យធ្វើជានាយក FBI បន្ទាប់ដែលមានបំណងជំនួសនាយកបច្ចុប្បន្ននេះ លោក Wray មុនពេលអាណត្តិ១០ឆ្នាំរបស់លោក Wray ត្រូវបានបញ្ចប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top